បដិមាព្រះពុទ្ធអភយមុទ្រៈ កម្ពស់៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្ដើមបើកការដ្ឋានសាងសង់
(កែប)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចូលរួមក្នុងពិធីប្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «ព្រះពុទ្ធអភយមុទ្រៈ» មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ក្នុងពិធីនោះមានការចូលរួមពីលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកស្រី អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយបានរួមគ្នា និងមានសុទ្ធាជ្រះថ្លាចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលមានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើមនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ ទេសចរណ៍ខេត្តកែប។
«ប្រុងពលី» ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗនៅក្នុងជំនឿ និងទំនៀមទម្លាប់ខ្មែរ។ «ប្រុង» មានន័យដូចនឹង «រៀបចំ» ដែរ ឧទាហរណ៍អ្នកស្រុកអង្គរច្រើននិយាយ «ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)»រីឯ «ពលី» មានន័យថា «ការបូជា, ពលិកម្ម» និយាយឱ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews










