ព័ត៌មានជាតិ August 12, 2025

ព្រះសង្ឃភៀសសឹក១អង្គ អំពាវនាវអន្តរជាតិជួយឃ្លាំមើលបទឈប់បាញ់ ដើម្បីនាំមកនូវសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋ

Liny Chan

(ឧត្តរមានជ័យ)៖ ព្រះតេជគុណព្រះនាម កែវ ពាឡី គង់នៅវត្តគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមានសង្ឃដីកាអំពាវនាវឱ្យអន្តរជាតិ ក៏ដូចជាក្រុមអនុព័ន្ធយោធាទាំង៩ប្រទេស ជួយឃ្លាំមើលបទឈប់បាញ់គ្នាឱ្យមានប្រសិទ្ធិភាព ដើម្បីនាំមកនូវសុខសន្តិភាព និងសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋខ្មែរ។

សង្ឃដីការបស់ព្រះតេជគុណ កែវ ពាឡី បែបនេះ ក្នុងឱកាសដែលព្រះអង្គបើកគោយន្តកន្ត្រៃយ៍ និមន្តចាកចេញពីមណ្ឌលភៀសសឹកវត្តភ្នំកំបោរ ក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ព្រះតេជគុណបានមានសង្ឃដីកាឱ្យដឹងទៀតថា ព្រះអង្គផ្ទាល់ ក៏ដូចជាព្រះសង្ឃផ្សេងទៀត ដែលគង់នៅវត្តគោកមន បាននិមន្តចាកចេញពីវត្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្ងៃបាញ់គ្នាដំបូង មកស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្តិភាពវត្តភ្នំកំបោរ ក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល។

ស្របពេលដែលមានបទឈប់បាញ់គ្នាជាផ្លូវការ ក្រោយកិច្ចប្រជុំ GBC ធ្វើឱ្យសភាពការណ៍តាមព្រំដែនមានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពផ្សេងៗ បានចាប់ផ្តើមវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ដោយឡែក ព្រះអង្គក៏និមន្តទៅវត្តវិញដែរ ជាមួយនឹងការអំពាវនាវឱ្យអន្តរជាតិជួយឃ្លាំមើលបទឈប់បាញ់គ្នាឱ្យមានប្រសិទ្ធិភាព ដើម្បីនាំមកនូវសន្តិភាព និងសេចក្តីសុខពិតប្រាកដជូនប្រជាពលរដ្ឋ។

សូមជម្រាបថា មានជនភៀសសឹកជាច្រើន បន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News