ព័ត៌មានជាតិ August 12, 2025

កម្ពុជាទទួលចំណូលជាង ៣៨៧លានដុល្លារកើនជាង៤២% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល៧ខែឆ្នាំនេះ

Liny Chan

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកក្កដា កម្ពុជាទទួលបានចំណូល ជាង៣៨៧លានដុល្លារ កើនជាង៤២% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣៨៧ ៤៣៤ ០៥៨ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៦៥ ៩០៨ ៣០២ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន ១១៨ ៨៩០ ៩៥៤ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២ ៦៣៤ ៨០២ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៤៧,០៧១តោន ថយចុះចំនួន២៦ ៨៤៤តោន ស្មើនឹង១៥.៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១១ ៤៤០ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២៥ ថ្លៃ ១ ៨១២ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន២៦៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានកៅស៊ូ បានវាយតម្លៃថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២%។

ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕ ផ្ដល់សិទ្ធិដោយ៖ Fresh News