ចំណេះដឹង

លោក សុខ សារួន ជានិស្សិតអាហាររូបករណ៍ត្រូវបានសាលាជ្រើសអោយទៅរៀននៅក្រៅប្រទេសរ៉ូម៉ានី បានមកចែករំលែកបទពិសោធន៍មួយចំនួន

BY
Khmerpress
July 27, 2021
លោក សុខ សារួន ជានិស្សិតអាហាររូបករណ៍ត្រូវបានសាលាជ្រើសអោយទៅរៀននៅក្រៅប្រទេសរ៉ូម៉ានី បានមកចែករំលែកបទពិសោធន៍មួយចំនួន

លោក សុខ សារួន ជាបុគ្គលិកបម្រើការងាររបស់ក្រុមហ៊ុនមួយកន្លែង ហើយក៏ជានិស្សិតត្រូវបានសាលាជ្រើសរើសទៅរៀននៅប្រទេសរ៉ូម៉ានី រយៈពេលបីខែ ក្រោមជំនួយពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យ ដេមៀរទ្រឺ ខលឌឺមារ តាមរយៈកម្មវិធី Erasmus+ Mobility Project for Higher Education។ លោក សុខ សារួន បានចែករំលែកការសិក្សានិងបទពិសោធន៍ប្រាប់មកគេហទំព័រ Khmer Press ដោយលោកបានរៀបរាប់ឲ្យដឹងថា៖

ខ្ញុំបាទឈ្មោះ សុខ សារួន បច្ចុប្បន្នខ្ញុំកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយ ផ្នែកផ្គត់ផ្គង់សម្ភារសំណង់។ កាលជានិស្សិតក្រៅពីម៉ោងសិក្សាមុខជំនាញដែលខ្ញុំស្រឡាញ់ ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកឱកាសមាសដើម្បីទទួលបាននូវចំណេះដឹង ជំនាញ បណ្តាញ និង បទពិសោធន៍ថ្មីៗ តាមរយៈការស្វែងរកជាមួយនឹងកម្មវិធីការអភិវឌ្ឍន៍សមត្ថភាពយុវជនទៅលើប្រកួតផ្នែកវោហាស័ព្ទដូចជា ការតស៊ូមតិ និងការនិយាយជាសាធារណៈជាដើម។

លើសពីនេះខ្ញុំក៏បានស្ម័ត្រចិត្តចូលរួមជួយកិច្ចការងារសង្គមនៅតាមខេត្តដាច់ស្រយាលជាមួយលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ទៀតផង។ ខ្ញុំក៏ជាមនុស្សម្នាក់ចូលចិត្តអានសៀវភៅច្រើនផងដែរ មិនថាអានជាមួយនឹងសៀវភៅផ្ទាល់ ឬក៏តាមប្រព័ន្ធអេឡិចត្រូនិចនោះទេ។ តួយ៉ាងថ្ងៃមួយខែឧសភា ឆ្នាំ២០១៧ ខ្ញុំបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់ខ្ញុំគឺ ហ្វេសប៊ុក ដោយពេលនេះខ្ញុំបានឃើញពីឱកាសមាសមួយសម្រាប់រូបខ្ញុំ ហើយវាតែងតែជាបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការទទួលបានឱកាសចេញទៅក្រៅប្រទេសដើម្បីសិក្សារៀនសូត្រពីប្រទេសទាំងអស់នោះ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិទៀតផង។ ឱកាសនោះ ជាឱកាសមួយដ៏កម្រដែលខ្ញុំអាចទទួលបានការហ្វឹតហាត់ការងាររយៈពេលមួយខែពេញ ដោយឥតគិតថ្លៃក្នុងផ្នែកទីផ្សារដំបូងពីខាងក្រុមហ៊ុន អេស ស៊ី ជី បើទោះបីជាខ្ញុំកំពុងរៀនដើមឆ្នាំទីបួននៃថ្នាក់បរិញ្ញាប័ត្ររបស់ខ្ញុំក៏ដោយ។

អាចនិយាយបានថាវាមានភាពលំបាកក្នុងការធ្វើការរឿងនេះដោយទាមទារឲ្យខ្ញុំមានភាពអត់ធ្មត់ និងស៊ូទ្រាំខ្លាំងណាស់ ដើម្បីទទួលបានការហ្វឹតហាត់ការងារមួយខែ ក្នុងទីក្រុងបាងកក ប្រទេសថៃនោះ។ ហេតុផលពេលនោះ ខ្ញុំកំពុងធ្វើការផង និងរៀនផង ចឹងខ្ញុំត្រូវចេះសម្របសម្រួល និងរៀបចំផែនការណ៍ ឲ្យច្បាស់លាស់មែនទែន ព្រោះខ្ញុំត្រូវចោលកន្លែងធ្វើការ និងសាលារយៈពេលមួយខែ ហើយខ្ញុំពិតជាអរគុណខ្លាំងណាស់សម្រាប់ប្រធានផ្នែកកន្លែងការងាររបស់ខ្ញុំ ហើយនិងសាស្រ្តចារ្យមួយចំនួនទៀតដែលយល់យោគដោយគ្រាន់តែឲ្យខ្ញុំសួរនាំមិត្តភកិ្តរួមក្រុម និងមើលមេរៀនបន្ថែមទៀត ក្នុងរយៈពេលមួយខែនៅឯប្រទេសថៃ។

រយៈពេលមួយខែពេញនៅទីក្រុងបាងកកប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ និងមើលថែយ៉ាង ដិតដល់ពីខាងក្រុមហ៊ុន ខ្ញុំបានផ្តោតទៅការងារក្រុមហ៊ុនពេលព្រឹក និងពេលយប់ខ្ញុំរៀន។ អ្វីដែលមានពេលផលលំបាកសម្រាប់ខ្ញុំក្នុងថ្ងៃដំបូងគឺខ្ញុំឈឺដោយធ្វើដំណើរច្រើន ហើយបរិយាកាសនៅទីនេះថ្មីៗ និងប្លែកៗ ខុសពីស្រុកយើង ដោយគេមានជារថភ្លើងក្រោមដី និងរថភ្លើងលើអាកាស។

សម្រាប់ម្ហូបអាហារមិនសូវខុសពីស្រុកយើងប៉ុន្មាននោះទេ ស្រួលញុំា តែរៀងហិរ។ ចំពោះការស្នាក់នៅពេលនោះគឺ ខាងក្រុមហ៊ុនបានរៀបចំឲ្យស្នាក់នៅក្នុងសណ្ឋគារជាមួយនឹងអ្នកហ្វឹតហាត់ការងារមកប្រទេសអាស៊ានផ្សេងៗថែមទៀតផង។ សម្រាប់ប្រជាជនថៃដែលខ្ញុំបានជួបគឺរួសរាយដាក់ខ្ញុំ ជាពិសេសបងៗបុគ្គលិកក្នុងក្រុមហ៊ុនគឺជួយយកអាសារជាមួយការងារដែលពួកគាត់បានដាក់ឲ្យខ្ញុំធ្វើ ដោយមានភាពយកចិត្តទុកដាក់ និងភាពងាយស្រួលក្នុងការសួរនាំពេលមានចម្ងល់ម្តងៗដោយពេលនេះប្រើប្រាស់ជាភាសាអង់គ្លេសក្នុងការទំនាក់ទំនង។
លើសពីនេះទៀត ខ្ញុំមិនត្រឹមតែរៀនសូត្រជាច្រើនពីការហឹ្វតហាត់ការងារពីក្រុមហ៊ុនមួយនេះទេ តែខ្ញុំក៏មានឱកាសក្នុងការបង្កើតមិត្តភកិ្តថ្មីៗពីកម្មវីធីមួយនេះទៀតផងដូចជាការចុះទស្សនាកិច្ចការងារតាមខេត្ត តាមតំបន់កំសាន្តចុងសប្តាហ៍ ការទស្សនាកិច្ចដោយផ្ទាល់ពីខាងបុត្រសម័្ពន្ធរបស់ក្រុមហ៊ុន ហើយចុងក្រោយ គឺការជួបជុំលាគ្នា។ ខ្ញុំពិតជាទទួលបាន ចំណេះដឹង និងបទពិសោធន៍ថ្មីៗនិងល្អៗពីការហ្វឹតហាត់ការងារមួយនេះ។

បន្ទាប់ពីខ្ញុំបានត្រឡប់មកប្រទេសថៃប្រហែលជា ៥ខែ ខ្ញុំក៏ត្រូវបានជ្រើសរើសទៅរៀននៅប្រទេសរ៉ូម៉ានី រយៈពេលបីខែ ក្រោមជំនួយពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យ ដេមៀរទ្រឺ ខលឌឺមារ តាមរយៈកម្មវិធី Erasmus+ Mobility Project for Higher Education។ ឆ្នាំ២០១៨ គឺជាឆ្នាំដែលខ្ញុំសប្បាយចិត្តខ្លាំងបំផុតព្រោះខ្ញុំទទួលបានឱកាសមាសទៅសិក្សាក្រៅប្រទេស ហើយវាពិតជាមេរៀនមួយដ៏មានតម្លៃសម្រាប់រូបខ្ញុំ។ ដោយកាលនោះខ្ញុំបានសិក្សាពីមុខជំនាញ គ្រប់គ្រងធុរៈកិច្ច ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ហើយនៅសល់ប៉ុន្មានមុខវិជ្ជាទៀតពេលខ្ញុំទៅដល់ទីនោះភាគច្រើនខ្ញុំមិនបានសូវជួបមុខ និងរៀនផ្ទាល់ជាមួយសាស្ត្រាចារ្យនោះទេ គឺសិក្សាស្វែងយល់ដោយខ្លួនឯង។ មុខវិជ្ជាដែលខ្ញុំត្រូវរៀន និងសិក្សាស្រាវជ្រាវក្នុងសាកលវិទ្យាល័យ ដេមៀរទ្រឺ ខលឌឺមារ ឯប្រទេសរ៉ូម៉ានីនោះ មានដូចជា ការគ្រប់គ្រងហរិញ្ញវត្ថុ ច្បាប់ការងារ និងគម្រោងសម្រាប់អាជីវកម្ម ហើយមុខវិជ្ជាទាំងអស់នេះ មានភាពងាយស្រួលសម្រាប់ខ្ញុំ ក្នុងការធ្វើបទបង្ហាញជាភាសាអង់គ្លេស។

កំឡុងរស់នៅនិងសិក្សានៅទីនោះ ខ្ញុំមានភាពងាយស្រួលច្រើន ជាងការលំបាក ព្រោះកន្លែងស្នាក់នៅរបស់ខ្ញុំនៅជិតសាកលវិទ្យាល័យផ្ទាល់ ហើយមានអ្នកនិយាយភាសាអង់គ្លេសច្រើន ដូចនេះមិនសូវពិបាកខ្លាំងសម្រាប់រូបខ្ញុំនោះទេ។ ភាគច្រើនខ្ញុំចូលចិត្តសិក្សាស្រាវជា្រវទៅលើមេរៀនដែលលោកគ្រូ និងអ្នកគ្រូដាក់ឲ្យ ដូចជានៅបណ្ណាល័យ ឬក្នុងបន្ទប់ជាដើម មុនខ្ញុំចេញទៅរកម្ហូបញុំា ឬក៏ចុះកម្មសិក្សាជាក្រុមជាមួយនិស្សិតអន្តរជាតិដទៃទៀត។ សម្រាប់ម្ហូបអាហារភាគច្រើនខ្ញុំចេញទៅខាងក្រៅ ដូចជាភោជនីយដ្ឋាន ដែលម្ហូបរបស់ប្រទេសរ៉ូម៉ានីស្រួលញុំា ជាពិសេសស៊ុបល្ពៅ ជាមួយនំបុ័ង តែពេលខ្លះទៀតក៏ចម្អិនដោយខ្លួនឯង ប្រសិនបើខាងក្រៅព្រិលធ្លាក់ច្រើន។ រីឯចុងសប្តាហ៍ ខ្ញុំលោកគ្រូ អ្នកគ្រូ និងមិត្តភកិ្តដែលមកពីបណ្តាប្រទេសដទៃនោះ គឺនាំគ្នាទៅមើលប្រាសាទ រូងភ្នំ ឡើងភ្នំល្បីៗប្រចាំតំបន់ថែមទៀតផង។

សរុបមកវិញ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង នៅពេលដែលខ្ញុំត្រូវជ្រើសរើស ចេញទៅក្រៅប្រទេសតាមរយៈកម្មវិធីលក្ខណៈអន្តរជាតិដូចដែលខ្ញុំបានរៀបរាប់ខាងលើ។ ខ្ញុំមានហេតុផលបីធំៗ ដែលខ្ញុំតែងតែប្រាថ្នាចង់ទទួលបទពិសោធន៍ជានាមជានិស្សិតក្នុងស្រុក ដែលត្រូវបានជ្រើសរើសទៅហឹ្វតហាត់ការងារនិងរៀននៅក្រៅប្រទេស។

-ទី១៖ ខ្ញុំចង់ក្លាយជានិស្សិតគម្រូសម្រាប់ប្អូនៗជំនាន់ក្រោយ ដោយចង់បង្ហាញប្រាប់ពួកគាត់ថា ការខិតខំរៀនសូត្រ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ និងការរៀបចំទុកដាក់ត្រឹមត្រូវ នោះភាពជោគជ័យនឹងរង់ចាំយើងជាមិនខាន។
-ទី២៖ ខ្ញុំចង់ក្លាយជាធនធានមួយរូបដែលអាចប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ យ៉ាងទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ស្ថាប័នឬក្រុមហ៊ុនដែលខ្ញុំបម្រើការងារឲ្យដោយខ្ញុំក៏អាចប្រើប្រាស់ចំណេះ និងជំនាញទាំងអស់នោះក្នុងការខំខិតប្រឹងប្រែងធ្វើការឲ្យល្អនិងមានប្រសិទ្ធិភាពដើម្បីជាប្រយោជន៍ របស់ក្រុមហ៊ុននោះ។
-ទី៣៖ ខ្ញុំចង់លើកទឹកចិត្តឲ្យសិស្សប្អូន និងនិស្សិតដែលកំពុងដែលសិក្សាបច្ចុប្បន្ន ត្រូវចេះរៀនរកឱកាសដោយខ្លួនឯង ដូចជា អាហារូបករណ៍ និងការផ្លាស់ប្តូរកម្មវិធីសិក្សាទៅក្រៅប្រទេសតាមបណ្តាប្រព័ន្ធអ៊ិនធើណេត ឬក៏តាមសាកលវិទ្យាល័យ ដែលប្អូនៗកំពុងសិក្សា ដើម្បីក្រេបយកចំនេះដឹង បទពិសោធន៍ ជំនាញ និងដំណើរកំសាន្តដែលមិនបំភ្លេចបានក្នុងមួយជីវិតនេះ។ សម្រាប់ខ្ញុំគិតថា ការចេញទៅរៀនក្រៅប្រទេសគឺជារឿងដ៏ល្អខ្លាំងណាស់ ប៉ុន្តែមិនដល់ថ្នាក់ត្រូវតែ អស្ចារ្យខ្លាំងពេកនោះទេ ដោយពេលខ្លះយើងត្រូវចំណាយពេលច្រើនក្នុងការសិក្សាអំពីវា រហូតដល់ថ្នាក់លែងចង់បានវា ហើយឈប់ដាក់ពាក្យតែម្តងនោះទេ។ ចំណុចនេះខ្ញុំចង់មានន័យថា វាជារឿងល្អដែលយើងចង់នាំមក នូវជាកម្មវិធីសិក្សាដែលប្រទេសយើងមិនមាន ឬក៏មានគម្រោងចង់ជួយសហគមន៍ជាដើម តែនៅពេលយើងចង់ដាក់ពាក្យសុំអាហារូបករណ៍នោះ យើងអត់មានជាគំនិតច្រើននោះទេ ចឹងកុំខ្វល់ កុំគិតច្រើន អ្វីដែលអាចធ្វើបានយើងធ្វើសិនទៅ ហើយលទ្ធផលចាំគិតតាមក្រោយ។

ចំពោះខ្ញុំ បើទោះបីជាខ្ញុំត្រឡប់មកវិញមិនអាចបង្កើតគម្រោងធំៗសម្រាប់ជួយប្រទេសជាតិវិញក៏ពិតមែន តែខ្ញុំគិតថា យ៉ាងហោចណាស់ ក៏ខ្ញុំអាចជួយខ្លួនឯងឲ្យមានការងារមួយល្អ ដែលអាចជួយកាត់បន្ថយអត្រាភាពអ្នកអត់មានការងារធ្វើក្នុងសង្គមហើយខ្ញុំក៏អាចជួយក្រុមការងារផ្សេងទៀតដែលគាត់ខ្វះខាតក្នុងផ្នែកណាមួយដែលខ្ញុំអាចជួយពួកគាត់បាន ខ្ញុំពិតជារីករាយក្នុងការជួយខ្លាំងណាស់ ៕

Share This Post: