ព័ត៌មានអន្តរជាតិ

គ្រូក្បាច់គុនកុងហ្វូម្នាក់ ប្រកាសពីបំណងចូលរួមប្រជែងយកតំណែងជាមេដឹកនាំថ្មី របស់ទីក្រុងហុងកុង

BY
Khmerpress
January 19, 2022
គ្រូក្បាច់គុនកុងហ្វូម្នាក់ ប្រកាសពីបំណងចូលរួមប្រជែងយកតំណែងជាមេដឹកនាំថ្មី របស់ទីក្រុងហុងកុង

(ហុងកុង)៖ ផលិតករខ្សែភាពយន្ដហុងកុង និងជាគ្រូក្បាច់គុនកុងហ្វូ លោក Sin Kwok Lam នៅថ្ងៃពុធនេះបាននិយាយថាលោកមានចេតនាចូលរួម ឈរឈ្មោះប្រកួតប្រជែងយកតំណែងជាមេដឹកនាំទីក្រុងហុងកុង ហើយការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះធ្វើឡើង ខណៈលោកស្រី Carrie Lam មិនទាន់សម្រេចចិត្តថាតើលោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី២របស់លោកស្រី ឬក៏យ៉ាងណានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២។

លោក Sin Kwok Lam មានអាយុ ៦៥ឆ្នាំ និងមានឈ្មោះបោះសំឡេងតាមរយៈការផលិតខ្សែភាពយន្ដចិនមានចំណងជើងថា « Ip Man » គឺជាមនុស្ស ម្នាក់ដំបូងគេបំផុត ដែលបានប្រកាសពីបំណងឈរឈ្មោះប្រកួតប្រជែងយកតំណែងជានាយកប្រតិបត្តិទីក្រុងហុងកុង នៅមុនការបោះឆ្នោតដែល នឹងចូលមកដល់នៅថ្ងៃទី២៧ ខែមីនាខាងមុខនេះ។

គួរបញ្ជាក់ថា នាយកប្រតិបត្តិទីក្រុងហុងកុងសព្វថ្ងៃ គឺលោកស្រី Carrie Lam មិនទាន់សម្រេចចិត្តថាតើលោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី២ របស់លោកស្រី ឬក៏យ៉ាងណានោះទេ ហើយអាណត្តិរបស់លោកស្រីនឹងត្រូវបញ្ចប់នៅខែមិថុនាខាងមុខនេះ។ បើតាមប្រព័ន្ធបោះឆ្នោតហុងកុង រយៈពេលនៃការជ្រើសរើសបេក្ខជននាយកប្រតិបត្តិទីក្រុងហុងកុង គឺប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ហើយបេក្ខជនម្នាក់ៗ ត្រូវរកសំឡេងគាំទ្រឱ្យបានយ៉ាងហោច ១៨៨សំឡេង នៅក្នុងចំណោមសមាជិក១,៥០០នាក់ នៃគណៈកម្មាធិការរៀបចំការបោះឆ្នោត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: