ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឆ្លងជំងឺកូវីដ១៩ជាលើកទី២ ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង

BY
Khmerpress
January 19, 2022
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឆ្លងជំងឺកូវីដ១៩ជាលើកទី២ ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង

តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឱ្យដឹងថា លោកបានឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប៉ុន្តែពេលនេះលោកបានជាសះស្បើយវិញហើយ។ ថ្លែងក្នុងអំឡុងពេល Care Talk នៅលើបណ្ដាញ ClubHouse នៅម៉ោង ៨ យប់ថ្ងៃអង្គារ លោកថាក់ស៊ីនបាននិយាយថា ពលរដ្ឋថៃមិនចាំបាច់ភ័យស្លន់ស្លោចំពោះអូមីក្រុងឡើយ ដោយសារជំងឺនេះមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ លោកបានឆ្លងជំងឺ COVID-19 សារជាថ្មីម្ដងទៀតជាមួយនឹងវ៉ារ្យ៉ង់ អូមីក្រុង នាពេលថ្មីៗនេះ ដោយមានរោគសញ្ញាដូចជា៖ ឈឺបំពង់ក និងគ្រុនក្ដៅ ហើយវាដូចជារោគសញ្ញាគ្រុនផ្ដាសាយដែរ។

រំលឹកដែរថា នៅពេលមានការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 នាពេលដំបូងៗ លោកថាក់ស៊ីនក៏ធ្លាប់កើតជំងឺ COVID-19 ម្ដងរួចហើយដែរ ដោយកាលនោះរោគសញ្ញាធ្ងន់ធ្ងរ ដែលធ្វើឱ្យគាត់ត្រូវសម្រាកបន្ទប់ ICU រហូតដល់ទៅ ៩ថ្ងៃ ប៉ុន្តែសម្រាប់ អូមីក្រុង គឺលោកថាក់ស៊ីនអាចមើលថែខ្លួនឯងបាន។ លោកបាននិយាយថា៖«ថ្មីៗនេះខ្ញុំបានឆ្លង COVID-19 ម្តងទៀត។ វាជាវ៉ារ្យ៉ង់អូមីក្រុង។ ខ្ញុំបានឆ្លងវា ទោះបីជាខ្ញុំបានទទួលថ្នាំបង្ការចំនួន ៤ដង ក៏ដោយ។ ដូសដំបូង​គឺ Sinopharm និងដូសជំរុញរបស់ Pfizer »។ លោកបន្ថែមថា៖«រោគសញ្ញាគឺដូចជាជំងឺគ្រុនផ្តាសាយធម្មតាកម្រិតស្រាល ដែលមានការឈឺបំពង់ក និងគ្រុនក្តៅ»។

គាត់បានលើកទឹកចិត្តប្រជាជនថៃឱ្យការពារខ្លួនឱ្យបានពេញលេញ ប៉ុន្តែបាននិយាយថា ពួកគេមិនគួរខ្លាច អូមីក្រុង ខ្លាំងពេកនោះទេ ព្រោះគាត់ជឿថា វ៉ារ្យ៉ង់ អូមីក្រុង គឺជាដំណើរទៅកាន់ភាគបញ្ចប់នៃជំងឺរាតត្បាត។ លោកថាក់ស៊ីនបាននិយាយថា គាត់បានទទួលការព្យាបាលរយៈពេល ៥ថ្ងៃ ដើម្បីជាសះស្បើយពីការចេញរោគសញ្ញាស្រាលៗ ប៉ុន្តែមេរោគនៅតែក្នុងខ្លួនគាត់រហូតដល់ ១០ថ្ងៃ រាប់ចាប់តាំងពីថ្ងៃដែលរកឃើញវិជ្ជមាន។ លោកបានបញ្ជាក់ថា៖«វាដូចជាជំងឺផ្ដាសាយ ប៉ុន្តែបើខ្លួនយើងចុះខ្សោយពេកក៏យើងអាចស្លាប់ដោយសារគ្រុនផ្ដាសាយ។ អូមីក្រុងគឺបែបនោះ ដូច្នេះរដ្ឋាភិបាលមិនគួរភ័យស្លន់ស្លោនោះទេ ហើយគួរតែត្រៀមថ្នាំសម្រាប់ការព្យាបាល»៕ ដោយ៖ ខ្មែរណូត

Share This Post: