PR

ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកដំណើរការជើងហោះហើរពីទីក្រុង កូឡាឡាំពួរ-សៀមរាប ឡើងវិញហើយ ជាមួយតម្លៃសំបុត្រសមរម្យបំផុត

BY
Khmerpress
April 29, 2022
ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកដំណើរការជើងហោះហើរពីទីក្រុង កូឡាឡាំពួរ-សៀមរាប ឡើងវិញហើយ ជាមួយតម្លៃសំបុត្រសមរម្យបំផុត

Sepang ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022៖ បន្ទាប់ពីចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងភ្នំពេញក្នុងខែមករា ក្រុមហ៊ុន AirAsia ថ្ងៃនេះបានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវសេវាកម្មហោះហើរទៅកាន់ខេត្តដ៏សំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្ត សៀមរាប។

ជើងហោះហើរ AK540 ពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ 2 (klia2) បានចេញដំណើរនៅថ្ងៃទី២៩ ខែមេសានៅម៉ោង ១:០៥នាទីរសៀល (ម៉ោងក្នុងតំបន់) ហើយបានចុះចតនៅខេត្តសៀមរាបនៅម៉ោង (២:២០នាទី រសៀល ម៉ោងក្នុងស្រុក) ជាមួយនឹងអ្នកដំណើរចំនួន ១០៩នាក់ ។ ជាមួយគ្នានេះជើងហោះហើរត្រឡប់មកវិញបានចាកចេញពីខេត្តសៀមរាបនៅម៉ោង ២:៥៥ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៩ ដដែល ហើយគ្រោងនឹងត្រលប់មកទីក្រុងកូឡាឡាំពួរវិញនៅម៉ោង (៦:១០ នាទីល្ងាច ម៉ោងក្នុងស្រុក)។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ដែលបន្ធូរបន្ថយតម្រូវការចូលសម្រាប់ការធ្វើដំណើរពីបរទេស និងជាគំនិតផ្តួចផ្តើមដែលត្រូវបានស្វាគមន៍ដោយអ្នកធ្វើដំណើរជុំវិញពិភពលោក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដោយមិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ឬធ្វើតេស្តរកជំងឺកូវីដ-១៩ នៅគ្រប់ច្រកទ្វារអន្តរជាតិ។

លោក Riad Asmat នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Malaysia បានមានប្រសាសន៍ថា៖ “បន្ទាប់ពីយើងបានចាប់ផ្ដើមហោះហើរមកទីក្រុងភ្នំពេញវិញនាពេលថ្មីៗនេះ យើងមានសេចក្តីរំភើបរីករាយក្នុងការបើកជើងហោះហើរបន្ថែម ទៅកាន់គោលដៅសំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្តសៀមរាប។ កម្ពុជានៅតែជាទីផ្សារស្នូលរបស់ AirAsia ហើយមុនមានជំងឺ​កូវីដ-១៩ ខេត្តសៀមរាប​ជា​គោលដៅ​ពេញនិយម​បំផុត​មួយ​ក្នុង​តំបន់​អាស៊ាន​ និងជា​មជ្ឈមណ្ឌល​ទេសចរណ៍​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក។ AirAsia បានចាប់ផ្ដើមជើងហោះហើរក្នុងឆ្នាំ២០១៨​ ហើយបានដឹកអ្នកដំណើរ ១៧០,០០០ ក្នុងឆ្នាំ២០១៩ ដូច្នេះយើងមានទំនុកចិត្តថា ការបើកជើងហោះហើរទៅកាន់គោលដៅថ្មីទាំងនេះ នឹងនៅតែពេញនិយមខ្លាំងនាពេលអនាគត។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង យើងក៏កំពុងរៀបចំផែនការហោះហើរ និងគោលដៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងជើងហោះហើរទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងហោះហើរនៅថ្ងៃទី២ ខែមិថុនា ខាងមុខនេះ។ AirAsia សូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ និងដើម្បីអនុញ្ញាតឱ្យការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាកាន់តែរលូន ហើយយើងនឹងបន្តទាក់ទាញអ្នកដំណើរដែលស្វែងរកការកម្សាន្ត ពីទីជិត និងឆ្ងាយដើម្បីហោះហើរទៅកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតក្នុងពេលឆាប់ៗនេះ “។

ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖ “ក្នុងនាមក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា យើងពិតជារំភើបជាមួយនឹងការតភ្ជាប់ជើងហោះហើរឡើងវិញទៅកាន់ទីក្រុងសៀមរាប ដែលជាបេតិកភណ្ឌ វប្បធម៌ និងថាមវន្តរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន AirAsia ដែលបានភ្ជាប់ទំនាក់ទំនងឡើងវិញជាបន្តបន្ទាប់ និងលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យមកទស្សនាប្រទេសកម្ពុជាម្តងទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរក្រុមហ៊ុន AirAsia សម្រាប់ការពុះពារ និងទប់ស្កាត់បានយ៉ាងល្អ ចំពោះផលប៉ះពាល់ដ៏អាក្រក់នៃជំងឺរាតត្បាត និងរក្សាភាពរឹងមាំរបស់ខ្លួន ខណៈពេលដែលពិភពលោក ជាពិសេសវិស័យទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AirAsia តែងតែជាដៃគូដ៏រឹងមាំបំផុតរបស់យើងសម្រាប់ការតភ្ជាប់ការហោះហើរ ហើយយើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីបង្កើនសេវាកម្មដល់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ”។

ឯកឧត្តមបានបន្តថា៖ ” ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាពិតជាបើកយ៉ាងទូលំទូលាយ សម្រាប់ភ្ញៀវទេសចរទាំងអស់ដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកដំណើររបស់ AirAsia ដែលត្រឡប់មកកាន់ប្រទេសកម្ពុជាផងដែរ។ដោយសារ វិស័យ ទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង យើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន AirAsia សម្រាប់ការបន្តគាំទ្រក្នុងការជំរុញ និងពង្រីកការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់គោលដៅកម្សាន្តសំខាន់ៗរបស់យើង ហើយកម្ពុជាសូមអញ្ជើញអ្នកដំណើរមកពីគ្រប់ទិសទី ដើម្បីទទួលយកអារម្មណ៍កក់ក្តៅ សុវត្ថិភាព និងប្រកបអនាម័យខ្ពស់។”

ទន្ទឹមនឹងនេះ លោក Alain Brun នាយកប្រតិបត្តិនៃ Cambodia Airports មានប្រសាសន៍ថា៖ “យើងមានទំនុកចិត្តថា អ្នកធ្វើដំណើរនឹងមានបំណងចង់ស្វែងយល់ពីសកម្មភាព និងទេសភាពដ៏ធំទូលាយដែលមាននៅជុំវិញខេត្តសៀមរាប រួមជាមួយនឹងរមណីយដ្ឋានអង្គរវត្តដែលបានចុះបញ្ជីនៅអង្គការយូណេស្កូ។ លើសពីនេះ អ្នកដំណើរក៏នឹងអាចរីករាយនឹងការធ្វើដំណើរដ៏ងាយស្រួលជុំវិញខេត្តសៀមរាបផងដែរ ដោយសារការវិនិយោគនាពេលថ្មីៗនេះដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងការតុបតែងខេត្តសៀមរាបដើម្បីទាក់ទាញភ្ញៀវមកទស្សនា។ ការត្រលប់មកវិញរបស់ AirAsia លើកនេះ គឺជាសញ្ញានៃការលើកទឹកចិត្តឆ្ពោះទៅមុខ ហើយ Cambodia Airports ដែលជាអ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ក៏បានសម្លឹងមើលការស្ទុះងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស ជាហេតុផលមួយទៀតនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនក្នុងការវិនិយោគលើបរិក្ខារអាកាសយានដ្ឋាននៅកម្ពុជា ដែលធ្វើឲ្យការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងងាយស្រួល ចាប់តាំងពីពេលដែលអ្នកដំណើរចុះចត និង ដើរតាមអាកាសយានដ្ឋានរបស់យើង”។

គួរឱ្យដឹងថា រួមជាមួយនឹងការចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃនេះ និងដើម្បីអបអរសាទរការបន្តការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុន AirAsia នឹងដំណើរការជើងហោះហើរពីរដងក្នុងមួយសប្តាហ៍ពីទិសដៅ Kuala Lumpur ទៅខេត្តសៀមរាបនៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ជាមួយនឹងតម្លៃសំបុត្រយន្តហោះល្អបំផុត។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវអាចកក់ជើងហោះហើររបស់ពួកគេទៅកាន់ខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ 149 RM ក្នុងមួយជើង ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ 129 RM ក្នុងមួយជើង នៅចន្លោះពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈ ‘Flights’ នៅលើកម្មវិធី Airasia Super។ ចំពោះភ្ញៀវដែលចង់ទៅលេង ឬ ត្រលប់ទៅទីក្រុងកូឡាឡាំពួរ អាចកក់ជើងហោះហើរពីខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ ៥៩ ដុល្លារក្នុងមួយជើងសម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយជើង​ សម្រាប់ការធ្វើដំណើរពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ជើងហោះហើរដែលបានកក់ពី ឥឡូវនេះរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះសម្រាប់ការចូលប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស នឹងមិនតម្រូវឱ្យធ្វើតេស្តរកជំងឺ COVID-19 មុនចេញដំណើរ , ធ្វើតេស្តនៅពេលមកដល់, ការធ្វើចត្តាឡីស័ក និងការធានារ៉ាប់រង ទៀតឡើយចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុននេះ។ ហើយសម្រាប់ការចូលមកប្រទេសកម្ពុជា ក៏មិនមានការធ្វើតេស្តមុនចេញដំណើរ, ក្រោយការមកដល់ ឬ លក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូចគ្នាដែរ ប៉ុន្តែតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ចំពោះអ្នកដំណើរដែលបានចាក់ថ្នាំបង្ការបានគ្រប់ដូសពីប្រទេសម៉ាឡេស៊ី ដែលមានបំណងធ្វើដំណើរមកប្រទេសកម្ពុជា ត្រូវតែបំពេញតាមលក្ខខណ្ឌកំណត់ដោយរដ្ឋាភិបាលកម្ពុជា មុនពេលទិញជើងហោះហើររបស់ពួកគេ និងនៅពេលមកដល់៕

Share This Post: