សង្គម

មានទាំងអង្ករ ត្រីខ មីកញ្ចប់ ទឹកត្រី និងគ្រឿងបរិភោគជាច្រើន មកតុបតែងជំនួសផ្កាស្រស់ ព្រោះចប់កម្មវិធីយកអាហារទាំងនោះ ចែកអ្នកខ្វះខាត

BY
Khmerpress
May 8, 2022
មានទាំងអង្ករ ត្រីខ មីកញ្ចប់ ទឹកត្រី និងគ្រឿងបរិភោគជាច្រើន មកតុបតែងជំនួសផ្កាស្រស់ ព្រោះចប់កម្មវិធីយកអាហារទាំងនោះ ចែកអ្នកខ្វះខាត

ថៃ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ សារព័ត៌មាន Thairath បានចេញផ្សាយពីរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងប្រទេសថៃដោយស្រ្តី ២នាក់ជាបងប្អូនបង្កើត បាននាំគ្នាធ្វើបុណ្យគម្រប់ខួបជូនអ្នកម្ដាយរួមទាំងញាតិ ៧សន្ដានដែលបានចែកឋានទៅ ដោយតុបតែងលម្អរោងដោយមិនប្រើផ្កាស្រស់ ឬ ផ្កាជ័រ តែរៀបចំឡើងជាក្បូរក្បាច់ដោយ យកអង្ករ ១កញ្ចប់ ៥គីឡូ ចំនួន១០០កញ្ចប់ មីកញ្ចប់ ចំនួន ៤,៥០០កញ្ចប់ ត្រីខកំប៉ុងចំនួន ២៥០កំប៉ុង និងទឹកត្រីចំនួន ១០០ដប ដោយប្រើអ្នករៀបជំនាញរៀបចំដល់ទៅ៨នាក់។

ស្រ្តីទាំង២រូបនោះមានឈ្មោះថា Kanitha និង Sayomporn chartdee ជាម្ចាស់ហាងលក់មឈូសមួយកន្លែងឈ្មោះថា Surin heepsob។ ចំណែកអ្នកម្តាយដែលបានស្លាប់ចែកឋានទៅរយៈពេល ៧ឆ្នាំហើយ នោះមានឈ្មោះថា Somsri chartdee ដោយបានចែកឋានទៅក្នុងវ័យ៦៥ឆ្នាំ។ កាលពីអ្នកម្តាយនៅរស់ អ្នកម្តាយចូលចិត្តជួយសង្គម ជួយដល់ជនក្រីក្រ ជួយរកបច្ច័យប្រគេនវត្ត ធ្វើអោយអ្នកស្រុកអ្នកភូមិស្រឡាញ់ចូលចិត្តច្រើន។

ស្រ្តីទាំងពីរបាននាំគ្នារៀបចំតុបតែងពិធីបែបនេះ គឺដោយសារតែបណ្តាំចុងក្រោយមុននឹងចែកឋានទៅ គាត់បានផ្តាំអោយរៀបចំក្នុងថ្ងៃគម្រប់ខួបគាត់ដោយប្រើ អាហារកំប៉ុងក៏ដូចជាអង្ករជំនួសផ្កាវិញ។ ជាមួយគ្នានេះក្រោយពីចប់កម្មពិធីសព្វគ្រប់ហើយ អោយកូនយកអាហារ អង្ករ ទឹកត្រី មីកញ្ចប់ ចែកជូនដល់អ្នកក្រីក្រ ឬអ្នកដែលមានជីវភាពខ្វះខាតផង។ យ៉ាងណាមិញដោយសារតែស្ថានភាពការរីករាលដាលនៃមេរោគកូវីដ បណ្តាលអោយមិនអាចរៀបចំកម្មវិធីគម្រប់ខួបនេះបានដល់ទៅ២ឆ្នាំ ហើយក្រោយពីស្ថានភាពកូវីដបានធូរស្បើយទើបពិភាក្សាសាច់ញាតិបងប្អូនដើម្បីធ្វើកម្មពិធីវិញ ទាំងដែលកាលពីមុនអ្នកទាំងពីរបានរៀបចំធ្វើបុណ្យគម្រប់ខួបនេះរាល់ឆ្នាំតាំងពីពេលដែលអ្នកម្តាយបានស្លាប់ទៅហើយ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: