ព័ត៌មានអន្តរជាតិ

ប្រទេសចំនួន ២០សន្យាផ្តល់ជំនួយផ្នែកយោធាទៅកាន់អ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី

BY
Khmerpress
May 24, 2022
ប្រទេសចំនួន ២០សន្យាផ្តល់ជំនួយផ្នែកយោធាទៅកាន់អ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី

ប្រទេសចំនួន ២០បានសម្រេចផ្តល់ជំនួយផ្នែកយោធាទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរ​បស់លោក Lloyd Austin ដែលជារដ្ឋលេខាធិការនៃក្រសួងការពារអាមេរិក។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះបានធ្វើឡើងតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធ Online កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភាកន្លងទៅនេះ ដោយនៅក្នុងកិច្ចប្រជុំនោះមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាច្រើនរួមមានទាំងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ុយក្រែនផងដែរ។

ប្រភពខាងលើបានបន្តថា កញ្ចប់ជំនួយយោធារបស់ប្រទេសទាំង​២០ខាងលើនេះនឹងមានបញ្ជូលទាំងអាវុធតូច ធំ និងសម្ភារៈសំខាន់ៗសម្រាប់បម្រើក្នុងវិស័យយោធា ហើយអ្វីដែលជាការកត់សម្គាល់នោះគឺប្រទេសដាណឺម៉ាកបានសន្យាផ្តល់ជូនប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon ខណៈសាធារណរដ្ឋឆេកសន្យាផ្តល់ឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារ រថក្រោះ និងប្រព័ន្ធរ៉ុកកែត។ គួរបញ្ជាក់ជូនថា ប្រព័ន្ធមីស៊ីល Harpoon គឺជាប្រព័ន្ធមីស៊ីលដ៏ទំនើបមួយដែលអាចបាញ់រំលងផ្ទៃទឹកសមុទ្រ និងអាចបាញ់ចំគោលដៅក្នុងរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: