ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបញ្ជាក់ថាគ្មានអ្នកបាត់បង់ជីវិតដោយរោគសញ្ញាក្តៅខ្លួនទេនៅថ្ងៃនេះ ខណៈស្ថានភាពនៃរាតត្បាតជំងឺគឺស្ថិតនៅកម្រិតអាចគ្រប់គ្រងបាន

BY
Khmerpress
May 24, 2022
កូរ៉េខាងជើងបញ្ជាក់ថាគ្មានអ្នកបាត់បង់ជីវិតដោយរោគសញ្ញាក្តៅខ្លួនទេនៅថ្ងៃនេះ ខណៈស្ថានភាពនៃរាតត្បាតជំងឺគឺស្ថិតនៅកម្រិតអាចគ្រប់គ្រងបាន

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភានេះថា អាជ្ញាធរសុខាភិបាលមិនបានរកឃើញអ្នកស្លាប់បន្ថែមទៀតនោះទេនៅក្នុងចំណោមពលរដ្ឋដែលកំពុងមានអាការៈក្តៅខ្លួនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ នៅចំពោះមុខស្ថានភាពធូរស្រាលនេះអាជ្ញាធរកូរ៉េខាងជើងក៏បានផងដែរថា ការរាតត្បាតជំងឺនៅទូទាំងកូរ៉េខាងជើងនៅពេលនេះគឺមិនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរដែលបង្កឲ្យមានព្រួយបារម្ភខ្លាំងនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

គួរបញ្ជាក់ជូនថា កូរ៉េខាងជើងបានប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩អស់រយៈពេលជិត ២សប្តាហ៍មកហើយ ខណៈគ្មានពលរដ្ឋកូរ៉េ​ខាងជើងណាម្នាក់ក្នុងចំណោមពលរដ្ឋសរុបជាង ២៥លាននាក់បានចាក់វ៉ាក់សាំងបង្ការនោះទេ។ អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងក៏មិនបានធ្វើតេស្តអ្នកជំងឺដើម្បីបញ្ជាក់ឲ្យច្បាស់ថាពួកគេពិតជាវិជ្ជមានកូវីដ-១៩ឬអត់នោះទេ ពោលគឺអាជ្ញាធរគ្រាន់តែធ្វើការកត់សម្គាល់ថាអ្នកជំងឺទាំងនោះមានអាការៈក្តៅខ្លួននិងបានផ្តល់ថ្នាំព្យាបាលទៅតាមស្ថានភាពសុខភាពរបស់អ្នកជំងឺម្នាក់ៗប៉ុណ្ណោះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានរោគសញ្ញាក្តៅខ្លួនដែលស្ថិតក្នុងការសង្ស័យថាបានឆ្លងអ្នកជំងឺកូវីដ-១៩សរុបចំនួន ២,៩៥លាននាក់ ស្លាប់សរុប ៦៨នាក់ ខណៈតួលេខអ្នកជំងឺប្រភេទនេះប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ២០០,០០០នាក់ក្នុងមួយថ្ងៃជាច្រើនថ្ងៃមកហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: