ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់បញ្ជាទិញវ៉ាក់សាំងអុតស្វាចំនួន ៤០,០០០ដូស ដើម្បីត្រៀមបង្កាទុកជាមុនប្រឆាំងនឹងជំងឺនេះ

BY
Khmerpress
May 25, 2022
អាល្លឺម៉ង់បញ្ជាទិញវ៉ាក់សាំងអុតស្វាចំនួន ៤០,០០០ដូស ដើម្បីត្រៀមបង្កាទុកជាមុនប្រឆាំងនឹងជំងឺនេះ

(ប៊ែកឡាំង)៖ ប្រទេសអាឡឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន ៤០,០០០ដូស ដើម្បីត្រៀមចាក់អ្នកដែលបានប៉ះពាល់អ្នកជំងឺអុតស្វា ប្រសិនបើការផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈមន្ត្រីកំពុងដាក់វិធានការណ៍ប្រុងប្រយ័ត្នផ្សេងទៀតសម្រាប់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach បានប្រាប់សន្និសីទសារព័ត៌មានថា វិធានការដូចជាការណែនាំឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ សម្រាប់អ្នកឆ្លងជំងឺនេះ នាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្ទុះឡើង។

លោក Lothar Wieler ប្រធានវិទ្យាស្ថាន Robert Koch របស់ប្រទេសអាល្លឺម៉ង់ទទួលបន្ទុកជំងឺឆ្លង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា រហូតមកដល់ពេលនេះ មានករណីចំនួន ៥ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលពួកគេសុទ្ធតែជាបុរសទាំងអស់។

គួរបញ្ជាក់ថា monkeypox គឺជាមេរោគដែលអាចបណ្តាលឲ្យមានរោគសញ្ញាគ្រុនក្តៅ, ឈឺខ្លួន និងមានកន្ទួលធំៗនៅលើស្បែក។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងតាមដានការវិវដ្តនៃមេរោគនេះ នៅក្នុងប្រទេសដែលមិនធ្លាប់កើតមាន នូវជំងឺនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: