បងប្អូនខ្មែរធ្វើការនៅថៃ សូមប្រយ័ត្ន ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង និងបាតុភូតផ្គររន្ទះ អាចកើតមាននៅតំបន់ភាគច្រើនទូទាំងប្រទេសថៃ ចាប់ពីស្អែកទៅ
- BY
- Khmerpress
- May 26, 2022
នាយកដ្ឋានឧតុនិយមថៃ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ច្រើននិងខ្លាំង អាចនឹងមានឡើងនៅភាគឦសាន តំបន់កណ្តាល បូព៌ា និងភាគខាងត្បូង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងមកពីភាគនិរតី នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងកាន់តែមានកម្លាំងខ្លាំងជាងមុន។ សមុទ្រ Andaman អាចនឹងមានរលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ ដោយមានកម្ពស់ ២ ម៉ែត្រ នៅឈូងសមុទ្រខាងលើ និង ៣ ម៉ែត្រ នៅពេលដែលវាមានផ្គររន្ទះ។ បន្ថែមពីលើនេះ មានខ្យល់មូសុងមួយបានឆ្លងកាត់ទៅភាគខាងជើង ដែលធ្វើឱ្យមានសម្ពាធទាប នៅពេលដែលវាផ្លាស់ទីពីលើឈូងសមុទ្រតុងកឹង។
នាយកដ្ឋានបានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សាការប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ខ្លាំង និងជំនន់ទឹកភ្លៀង ដែលអាចបង្កឱ្យមានគ្រោះជំនន់ និងទឹកជន់។ ក្រសួងបានណែនាំឱ្យមធ្យោបាយផ្លូវទឹកទាំងអស់ (នាវា) នៅឈូងសមុទ្រខាងលើ និងសមុទ្រ Andaman បន្តរក្សាការប្រុងប្រយ័ត្ន និងនៅឱ្យឆ្ងាយពីតំបន់ដែលមានបាតុភូតផ្គររន្ទះ ខណៈទូកតូចៗមិនគួរចេញដំណើរឡើយ។ ខាងក្រោមនេះគឺជាការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃពីថ្ងៃទី២៧-៣១ ខែឧសភា៖
-ភាគខាងជើង៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% នៃផ្ទៃដី, សីតុណ្ហភាពអប្បបរមាពី ២៣-២៧ អង្សារសេ និង សីតុណ្ហភាពអតិបរមាពី ២៩-៣៧ អង្សារសេ។
-ភាគឦសាន៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី ដោយមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សារសេ និង អតិបរមាពី ៣០-៣៤ អង្សារសេ។
-ភាគកណ្តាល៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% នៃផ្ទៃដី ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងជាងគេ, សីតុណ្ហភាពអប្បបរមាពី ២២-២៦ អង្សារសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣៥ អង្សារសេ។
-ភាគខាងកើត៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី ដោយមានភ្លៀងពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៨ អង្សារសេ, អតិបរមាពី ២៩-៣៤ អង្សារសេ, រលកកម្ពស់ប្រហែល ២ម៉ែត្រ និងខ្ពស់ជាង ២ម៉ែត្រ ពេលមានផ្គររន្ទះ។
-ភាគខាងត្បូង (ឆ្នេរសមុទ្រខាងកើត)៖ ភ្លៀងផ្គររន្ទះ ពី ៤០-៦០% នៃផ្ទៃប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៦ អង្សារសេ និង អតិបរមាពី ២៨-៣៥ អង្សារសេ, រលកកម្ពស់ ១-២ ម៉ែត្រ និងប្រហែល ២ ម៉ែត្រ នៅឆ្ងាយពីច្រាំង។
-ភាគខាងត្បូង (ឆ្នេរសមុទ្រខាងលិច)៖ ភ្លៀងផ្គររន្ទះ ពី ៦០ ទៅ ៧០% នៃផ្ទៃដី និងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង, សីតុណ្ហភាពអប្បបរមាពី ២៣-២៨ អង្សារសេ និងអតិបរមាពី ៣០-៣៤ អង្សារសេ, រលកកម្ពស់ ២-៣ម៉ែត្រ និងកម្ពស់ជាង៣ម៉ែត្រ ក្នុងពេលមានផ្គររន្ទះ។
-ទីក្រុងបាងកក និងតំបន់ជុំវិញ៖ ភ្លៀងផ្គររន្ទះ ពី ៤០ ទៅ ៦០% នៃតំបន់ទាំងមូល ភាគច្រើនចាប់ពីរសៀលដល់ល្ងាច ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ២៤-២៨ អង្សារសេ និងអតិបរមាពី ៣១-៣៤ អង្សារសេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: