បច្ចេកវិទ្យា

សហភាពអឺរ៉ុបបានចេញសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលតម្រូវឱ្យរាល់ផលិតផលអេឡិចត្រូនិកខ្នាតតូច និងមធ្យមទាំងអស់ ត្រូវប្រើប្រាស់ឆ្នាំងសាកប្រភេទស្ដង់ដារដូចគ្នា

BY
Khmerpress
June 8, 2022
សហភាពអឺរ៉ុបបានចេញសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលតម្រូវឱ្យរាល់ផលិតផលអេឡិចត្រូនិកខ្នាតតូច និងមធ្យមទាំងអស់ ត្រូវប្រើប្រាស់ឆ្នាំងសាកប្រភេទស្ដង់ដារដូចគ្នា

សហភាពអឺរ៉ុប (EU) បានរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលមានគោលដៅធ្វើឱ្យផលិតផលអេឡិចត្រូនិក ដែលនឹងត្រូវដាក់លក់នៅក្នុងតំបន់អឺរ៉ុប កាន់តែមានភាពងាយស្រួលជាងមុន និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ខណៈវានឹងជួយឱ្យអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនោះ ត្រូវការប្រើប្រាស់ឆ្នាំងសាកស្ដង់ដារដូចគ្នាទាំងអស់។ ពោលគឺ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ រាល់ឧបករណ៍អេឡិចត្រូនិកចល័តខ្នាតតូច និងមធ្យមទាំងអស់ រួមទាំងទូរសព្ទដៃ ថេប្លេត និងកាស ដែលដាក់លក់ក្នុងសហភាពអឺរ៉ុប នឹងត្រូវប្ដូរមកប្រើប្រាស់រន្ធសាក USB-C ទាំងអស់។

ផលិតផលអេឡិចត្រូនិកចំនួន ១២ ដោយរួមមាន៖ កម្មវិធីអានអេឡិចត្រូនិក (e-reader), ឧបករណ៍លេងហ្គេមចល័ត និងកាមេរ៉ា នឹងត្រូវមានភារកិច្ចក្នុងការសម្របសម្រួលឱ្យមានឆ្នាំងសាក ឬរន្ធសាក ប្រភេទស្ដង់ដារតែមួយ។ ចំណែកកុំព្យូទ័រយួរដៃ ក៏នឹងត្រូវអនុវត្តតាមសេចក្តីសម្រេចថ្មី ក្នុងរយៈពេល ៤០ ខែ (៣.៣ ឆ្នាំ) បន្ទាប់ពីច្បាប់នេះមានប្រសិទ្ធភាព។ ច្បាប់នេះនឹងមិនអំណោយផលដល់ឧបករណ៍ iPhone នោះទេ ដូចដែលយើងបានដឹងហើយថា iPhone ប្រើប្រាស់ឆ្នាំងសាក Lightning ប៉ុន្តែកន្លងមកក្រុមហ៊ុន Apple ក៏បានចាប់ផ្ដើមសាកល្បងប្រើប្រាស់ឆ្នាំងសាក USB-C លើឧបករណ៍របស់ខ្លួនផងដែរ។

យ៉ាងណាក៏ដោយ ច្បាប់នេះនៅតែត្រូវការឆ្លងកាត់ការបោះឆ្នោតនៅក្នុងសភា និងក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅចុងឆ្នាំនេះ ហើយគេរំពឹងទុកថា វានឹងទទួលបានសំឡេងយ៉ាងច្រើន ចំពោះការផ្លាស់ប្ដូរមកប្រើឆ្នាំសាកស្ដង់ដារតែមួយ។ ច្បាប់ថ្មីនេះក៏នឹងទាមទារឱ្យមានភាពស៊ីគ្នា ចំពោះការសាកថ្មបែបល្បឿនលឿននៅលើឧបករណ៍នានា ខណៈការសាកឥតខ្សែ ក៏នឹងត្រូវឱ្យមានការកែប្រែដូចគ្នានាពេលអនាគត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: