ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្រីលង្កា បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​បាន​ «​ដួល​រលំហើយ​»​

BY
Khmerpress
June 24, 2022
នាយករដ្ឋមន្ត្រីស្រីលង្កា បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​បាន​ «​ដួល​រលំហើយ​»​

នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe បានសារភាពចំពោះសមាជិកសភាថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​បាន ​«​ដួល​រលំហើយ​»​ បន្ទាប់​ពី​ការ​ខ្វះខាត​ស្បៀង​អាហារ ថាមពល និង​អគ្គិសនី​ជាច្រើន​ខែ​ក្នុង​ប្រទេស ដែលជាការពង្រឹងវិបត្តិនៃប្រទេសស្រីលង្កា ខណៈ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ស្វែង​រក​ប្រភព​កម្ចី​បរទេស​ដើម្បី​ផ្គត់ផ្គង់​ប្រទេស។

ការចេញ​មក​ទទួល​យក​ស្ថានការណ៍​ក្នុង​ប្រទេស​របស់​នាយក​រដ្ឋមន្ត្រី ស្រីលង្កាលើកនេះ មិនមានការបញ្ជាក់ដល់ការ​រីក​ចម្រើន​ថ្មី ដែល​ត្រូវ​បាន​ធ្វើ​ឡើងនោះទេ​ ប៉ុន្តែ​មានគោល​បំណង​ដើម្បីបញ្ជាក់​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំង អោយឃើញថា គាត់​ទទួល​បន្ទុក​កិច្ចការ​ដ៏​លំបាក​មួយ​ដែល​មិន​អាច​ដោះស្រាយ​​ក្នុង​ពេល​ឆាប់ៗបាន ព្រោះ​សេដ្ឋកិច្ច​ប្រទេស​នេះ​ ពោរពេញ​ដោយ​បំណុល បាត់បង់ចំណូលទេសចរណ៍ និងផលប៉ះពាល់ផ្សេងទៀត ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រួមទាំងតម្លៃទំនិញខ្ពស់។

នាយករដ្ឋមន្ត្រី Wickremesinghe បាននិយាយថា ស្រីលង្កាមិនអាចទិញថាមពលដើម្បីនាំចូលបានទេ ស្របពេលដែលក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលគឺ Ceylon Petroleum Corporation មានបំណុល $700 លានដុល្លារ ដូច្នេះគ្មានប្រទេស ឬអង្គការណាមួយចង់លក់ប្រេងទៅអោយប្រទេសស្រីលង្កាទេ។ ជាមួយគ្នានេះ ប្រទេសស្រីលង្កាពីមុនបានទទួលប្រាក់កម្ចីចំនួន ៤ពាន់លានដុល្លារពីប្រទេសឥណ្ឌា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសនេះ ប៉ុន្តែនាយករដ្ឋមន្ត្រី Wickremesinghe បាននិយាយថា ឥណ្ឌាប្រហែលជាមិនអាចជួយស្រីលង្កាក្នុងរយៈពេលវែងដែលមានតម្លៃ ៣០០-៦០០ លានដុល្លារដល់ស្រីលង្កា ដើម្បីទិញថ្នាំពេទ្យ និងសម្ភារៈចាំបាច់ផ្សេងៗទៀតឡើយ។

នាយករដ្ឋមន្ត្រីស្រីលង្កាបានបន្ថែមថា ជំនួយពី IMF ហាក់ដូចជាផ្លូវតែមួយគត់របស់ប្រទេសនេះ បើតាមមន្ត្រី IMF បានធ្វើដំណើរទៅប្រទេសស្រីលង្កា ដើម្បីពិភាក្សាអំពីផែនការស្តារប្រទេសឡើងវិញ ហើយគេរំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងកម្រិតផ្លូវការមួយនៅចុងខែក្រោយ។  IMF និងស្រីលង្កា បានទទួលការសន្និដ្ឋានបឋម និងផ្លាស់ប្តូរទស្សនៈលើវិស័យផ្សេងៗដូចជា ហិរញ្ញវត្ថុសាធារណៈ និរន្តរភាពបំណុល ស្ថិរភាពនៃវិស័យធនាគារ និងបណ្តាញសន្តិសុខសង្គម។

គួរបញ្ជាក់ផងដែរថា ប្រទេស​ស្រីលង្កា​ធ្លាប់​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្អាក​ការ​ទូទាត់​បំណុល​បរទេស​ចំនួន ៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ ខណៈពេលដែលកំពុងរង់ចាំលទ្ធផលនៃការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF ស្តីពីផែនការស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេស​ស្រីលង្កា​ត្រូវ​សង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​មធ្យម​ ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២៦៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: