ព័ត៌មានអន្តរជាតិ

វ៉ាក់សាំងកូវីដជំនាន់ក្រោយនឹងត្រូវផលិតឡើងជាពិសេសសម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុងនិងផ្តល់គុណប្រយោជន៍ល្អបំផុតចំពោះមនុស្ស ២ប្រភេទនេះ

BY
Khmerpress
June 25, 2022
វ៉ាក់សាំងកូវីដជំនាន់ក្រោយនឹងត្រូវផលិតឡើងជាពិសេសសម្រាប់ប្រឆាំងនឹងវ៉ារ្យ៉ង់អូមីក្រុងនិងផ្តល់គុណប្រយោជន៍ល្អបំផុតចំពោះមនុស្ស ២ប្រភេទនេះ

វ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ក្រោយទំនងជាត្រូវបានផលិតឡើងជាពិសេសសម្រាប់ប្រឆាំងជាមួយនឹងមេរោគនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងជាជាងប្រឆាំងជាមួយនឹងមេរោគទម្រង់ដើម នេះបើយោងតាមការវិភាគមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា​ ម្សិលមិញនេះ។ ជាងនេះទៅទៀតក្រុមអ្នកជំនាញជាច្រើនបានព្យាករណ៍ថា វ៉ាក់សាំងជំងឺកូវីដ-១៩ជំនាន់ក្រោយក៏ត្រូវបានរៀបចំឡើងដោយផ្តល់គុណប្រយោជន៍ជាពិសេសសម្រាប់ក្រុមមនុស្សចាស់ និងក្រុមមនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយផងដែរ។

ការលើកឡើងរបស់ក្រុមអ្នកជំនាញដូចបានជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើយក្រោយគេបានសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗជាច្រើនដូចជា ក្រុមហ៊ុន Moderna ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Novavax បានសម្រេចជ្រើសយកមេរោគអូមីក្រុងប្រភេទ BA.1 សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិសោធន៍និងផលិតវ៉ាក់សាំងជំនាន់ក្រោយរបស់ពួកគេ ដ្បិតក្រុមហ៊ុនទាំងអស់នោះយល់ឃើញថា មេរោគអូមីក្រុងនឹងក្លាយជាវ៉ារ្យ៉ង់ដែលគ្របដណ្តប់លើករណីឆ្លងភាគច្រើននៅជុំវិញពិភពលោកនាពេលខាងមុខ។ គួររម្លឹកជូនថា កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Moderna ធ្លាប់បានប្រកាសជាសាធារណៈរួចហើយថា វ៉ាក់សាំងជំនាន់ក្រោយរបស់ក្រុមហ៊ុនខ្លួនគឺមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ប្រឆាំងជាមួយនឹងមេរោគអូមីក្រុង ខណៈពេលនេះក្រុមហ៊ុនកំពុងដាក់ស្នើសុំទៅកាន់អាជ្ញាធរដើម្បីអនុម័តឲ្យមានការប្រើប្រាស់ជាផ្លូវការហើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: