ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងអង់គ្លេស បង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ក្រៅផ្លូវការ

BY
Khmerpress
June 25, 2022
អាមេរិក ជប៉ុន អូស្ត្រាលី នូវែលសេឡង់ និងអង់គ្លេស បង្កើតសម្ព័ន្ធភាពប៉ាស៊ីហ្វិក ក្រៅផ្លូវការ

(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងចក្រភពអង់គ្លេស បានបង្កើត «សម្ព័ន្ធភាពក្រៅផ្លូវការ» មួយ ក្នុងគោលបំណងជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងការទូតជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាថានឹងផ្តល់ធនធានបន្ថែមទៀតដល់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ខណៈចិនកំពុងស្វែងរកកិច្ចព្រមព្រៀងទូទាំងតំបន់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច យោធា និងប៉ូលិស ជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកដែលទទូចចង់បានការវិនិយោគពីបរទេស។

បើតាមសេតវិមាន សម្ព័ន្ធភាពក្រៅផ្លូវការខាងលើ ត្រូវបានគេដាក់ឈ្មោះថា Partners in the Blue Pacific ឬហៅកាត់ថា PBP ហើយនឹងស្វែងរកការគាំទ្រតំបន់ប៉ាស៉ីហ្វិក ក៏ដូចជាពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច រវាងបណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក និងពិភពលោកផ្សេងទៀត។

សេតវិមាន បានគូសបញ្ជាក់ថា «យើងរួបរួមគ្នាប្តេជ្ញាចិត្តក្នុងការគាំទ្រតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃមហាសមុទ្រប៉ាស៉ីហ្វិក។ យើងក៏រួបរួមគ្នាផងដែរ ក្នុងរបៀបដែលយើងសម្រេចបាននូវចក្ខុវិស័យនេះ ផ្អែកលើគោលការណ៍នៃអធិបតេយ្យ តម្លាភាព គណនេយ្យភាព និងភាគច្រើនទាំងអស់ដែលដឹកនាំដោយ តំបន់ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៉ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោករំពឹងថាមន្ត្រីជាន់ខ្ពស់អាមេរិកបន្ថែមទៀត នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ស្របពេលក្រុងវ៉ាស៊ីនតោន បង្កើនការចូលរួម របស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: