ព័ត៌មានជាតិ

លោកគួចសេងថៃ យកអាចម៍រណាកែច្នៃជាគ្រឿងចម្លាក់ផ្សេងៗយ៉ាងល្អវិចិត្រសម្រាប់លក់ជូនភ្ញៀវទេសចរ

BY
Khmerpress
August 13, 2022
លោកគួចសេងថៃ យកអាចម៍រណាកែច្នៃជាគ្រឿងចម្លាក់ផ្សេងៗយ៉ាងល្អវិចិត្រសម្រាប់លក់ជូនភ្ញៀវទេសចរ

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យុវជនមួយរូបរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានគំនិតច្នៃប្រឌិតផលិតរូបចម្លាក់ចេញពីអាចម៍រណារួមផ្សំជាមួយវត្ថុធាតុដើមមួយចំនួនទៀត ផលិតបានជារូបចម្លាក់ច្រើនប្រភេទយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញ សម្រាប់លក់ជូនភ្ញៀវទេសចរ។

លោកគួច សេងថៃ អាយុ៣៧ឆ្នាំ ម្ចាស់សិប្បកម្មចម្លាក់រក្សកូសាអាត មានទីតាំងក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឱ្យដឹងថា លោកចាប់ផ្តើមបើកដំណើរការសិប្បកម្មមួយនេះតាំងពីអំឡុងឆ្នាំ២០១៨មក ដោយសារមានចំណង់ចំណូលចិត្តលើការសូន្យដីឥដ្ឋឱ្យចេញជារូបផ្សេងៗកាលពីនៅវ័យកុមារ និងដោយមានគំនិតចង់បង្កើតផលិតផលអ្វីដែលថ្មីៗ និងទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ផងនោះ លោកក៏សម្រេចចិត្តសាកល្បងកែច្នៃអាចម៍រណា រួមផ្សំជាមួយជ័រឈើ៣ប្រភេទផ្សេងទៀត យកមកលាយបញ្ជូលគ្នា រួចចាក់បញ្ជូលទៅក្នុងពុម្ភដើម្បីផលិតជារូបផ្សេងៗជាច្រើន សម្រាប់លក់ជូនអតិថិជន។

លោកបន្តថា រូបចម្លាក់ដែលបានកែច្នៃនេះមានការគាំទ្រពីអតិថិជន និងភ្ញៀវទេសចរដែលទៅ លេងកម្សាន្តនៅខេត្តសៀមរាប សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ និងតំាងលម្អនៅតាមគេហដ្ឋាន។

លោកបន្តទៀត បច្ចុប្បន្នសិប្បកម្មចម្លាក់របស់លោកមានលទ្ធភាពផលិតរូបចម្លាក់ជាច្រើនប្រភេទរួមមាន ១.រូបចម្លាក់សម្រាប់ដាក់តាំងនៅលើតុ រូបប្រាសាទ រូបបដិមា និងរូបសត្វ ២.រូបចម្លាក់សម្រាប់ព្យួរនៅតាមជញ្ជាំង មានរូបអប្សរា និងរូបប្រាសាទជាដើម និងទី៣.រូបចម្លាក់ ជាប្រភេទវត្ថុប្រើប្រាស់មួយចំនួនទៀតតាមការកម្មង់ទិញពីអតិថិជន។

ដំណើរការចម្លាក់ខ្ញុំនេះមានជាពីរផ្នែកធំៗ ទី១ការធ្វើឱ្យចេញជារូបរាង និងមួយទៀតការច្នៃពណ៌ បើសិនជាយើងអត់ចេះធ្វើពណ៌ រូបរបស់យើងមើលទៅហាក់ដូចជាអត់ព្រលឹង អត់មានជីវិត វាគ្រាន់តែជារូបចម្លាក់ធម្មតា អ៊ីចឹងបានជាខ្ញុំច្នៃជាពណ៌អ្វីដែលយើងចង់បាន ហើយពណ៌ដែលប្រហាក់ប្រហែលទៅនឹងរបស់ បុរាណរបស់យើង ពណ៌ខ្លះដូចស្ពាន់ចាស់ វាទៅជាពណ៌មួយដែលភ្ញៀវជាទូទៅពេលចាប់ទៅគិតថាជាស្ពាន់ ពេលចាប់គាត់ថាស្រាលម្ល៉េះ។

លោកបន្តថា ដើម្បីផលិតបានរូបចម្លាក់នេះ គឺត្រូវលាយអាចម៍រណាជាមួយគ្រឿងផ្សំរួច ចាក់បញ្ជូលទៅក្នុងពុម្ភ ត្រូវចំណាយពេលវេលាពី៣ទៅ៤ម៉ោង បន្ទាប់មក រូបអាចស្ងួតបន្តិចម្តងៗ ទើបយកមកបត់បែនជារូបដែលយើងចង់បាន បន្ទាប់មកចំណាយពេលប្រហែល៨ម៉ោងទើបរូបនីមួយៗរឹងមាំល្អ អាចយកមកដុះខាត់សម្អាតឱ្យបានស្អាត លាបពណ៌បន្ថែម មានគុណភាពល្អ ជាប់បានយូរអង្វែងទើបដាក់លក់ទៅកាន់ទីផ្សារ។

សូមបញ្ជាក់ថា សិប្បកម្មចម្លាក់រក្សកូសាអាត ក៏បានកែច្នៃផលិតផលជាសាប៊ូ ទៀនក្រអូប និងផលិតផលប្រើប្រាស់ជាច្រើនប្រភេទទៀតសម្រាប់អតិថិជនជាវយកទៅប្រើប្រាស់ ឬជាវត្ថុអនុស្សាវីយ៍ក្នុងកម្មវិធីផ្សេងៗ ដែលផលិតផលទាំងនោះ ផលិតពីធម្មជាតិ និងប្រេងដូងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: