ព័ត៌មានជាតិ

កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៣ នៅក្នុង១០រាជធានីខេត្ត ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន

BY
Khmerpress
August 15, 2022
កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៣ នៅក្នុង១០រាជធានីខេត្ត ដែលរួមចំណែកជួយឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងឧស្សាហកម្មបានចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣តំបន់នៅ ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់ថា មកទល់ពេលនេះក្រសួងបានចេញលិខិត អនុញ្ញាតនៅ១០រាជធានីខេត្តមានដូចជាខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុមានចំនួន៣ តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់និងរាជធានីភ្នំពេញមានចំនួន ១តំបន់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម បានឱ្យដឹងថា ការបង្កើតតំបន់សេដ្ឋកិច្ចចំនួន២៣តំបន់នេះ ដោយមានរោងចក្រចំនួន៣៩០រោងចក្រ ហើយមានកម្មករកម្មការិនីរោងចក្របម្រើការងារមានចំនួនជាង ១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណជាង ៣ពាន់លានដុល្លារ។ (សំឡេង)« យើងឃើញថានេះជាភាពជោគជ័យធំមែនទែនសម្រាប់កម្ពុជារបស់យើងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនិងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យមានភាពទាក់ទាញ»។

ឯកឧត្តមបានបន្ថែមទៀតថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចនេះឡើងក្នុងគោលបំណង ដើម្បីជួយបង្កើតការងារជូនដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងជំរុញឱ្យមានការវិនិយោគពីក្រៅប្រទេសកាន់ តែច្រើនឡើង និងបានជួយលើកកម្ពស់ជីវភាពប្រជាពល រដ្ឋ រួមនឹងកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សូមជម្រាបថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តយកចិត្តទុកដាក់ អនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងគោលបំណងធ្វើការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ប្រែក្លាយទៅជាប្រទេសឧស្សាហកម្មភាវូបនីយកម្មនាឆ្នាំ២០២៥ ឬជាឧស្សាហកម្មប្រើប្រាស់ជំនាញ និង បច្ចេកវិទ្យា ដែលមានខ្សែសង្វាក់បង្កើតតម្លៃបន្ថែមខ្ពស់ ស្រប តាមចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ពិពិធកម្មឧស្សាហកម្មមានចរិតច្នៃប្រឌិតខ្ពស់ ៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: