សិល្បៈ

កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងបង្ហាញខ្លួនសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស

BY
Khmerpress
November 26, 2022
កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងបង្ហាញខ្លួនសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស

(ភ្នំពេញ)៖ កុមារី សាពូន ដារ៉ាភិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា និង សាពូន មីដាដា នឹងសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស។ នេះបើយោងតាមការបង្ហោះរបស់អ្នកដឹកនាំរឿង លោក កៅ សីហា។ លោក កៅ សីហា បានឱ្យដឹងថា កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងមកសម្តែងជាតួឯកស្រីពេលវ័យក្មេង ក្នុងភាពយន្តភាគខ្នាតធំសម័យលង្វែក ដែលនឹងចាក់បញ្ជាំងឆាប់ៗនេះតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស។

លោក កៅ សីហា បានសរសេររៀបរាប់ថា៖ «សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង សាពូន មីដាដា និងប្អូនស្រី សឿ សុធារ៉ា។ ភិមាន ជាកូនស្រីច្បង មានអត្តចរិតសមសួន សុភាព ចេះគួរសម ស្គាល់ចាស់ទុំ ពិសេសនាងមានទេពកោសល្យសិល្បៈពេញខ្លួន ទាំងសម្ដែង និងច្រៀង។ ខ្ញុំសូមឆ្លើយតបទៅកាន់បងប្អូនមហាជន មួយចំនួនដែលខមិនថា បើចេះឈឺឆ្អាលអីចឹង ម៉េចមិនជួយម្ដាយកូនគេឲ្យបានថតផង? ក្នុងឱកាសនេះ ខ្ញុំក៏ចង់បង្ហាញ និងបកស្រាយថា ខ្ញុំបានយក ធារ៉ា និងភិមាន មកថតរឿង មុនលោកអ្នកមានគំនិតប្រាប់ខ្ញុំទៅទៀត។

តាំងពីធារ៉ាធ្លាក់ខ្លួនដំបូង ហើយមានបញ្ហាស្មារតី បាក់ទឹកចិត្ត តែខ្ញុំ និងធារ៉ា មិនចង់បង្ហាញឲ្យមហាជនបានដឹង ឬយកមុខ យកមាត់ សម្ដែងតាមវេទិកាហ្វេសបុក ដូចមនុស្សមួយចំនួនដែលឆ្លៀតកេងប្រយោជន៍លើនាង ក្នុងរូបភាពសប្បុរសមួយចំនួនដូចគ្រានេះនោះឡើយ។ រូបនេះគឺជារូបថត ថ្ងៃថត poster បញ្ចប់រឿង នាសម័យលង្វែក ដែលខ្ញុំបានជ្រើសយក ក្មួយ ភិមាន មកសម្ដែងជាតួឯកស្រី កាលនៅវ័យក្មេង ហើយសម្ដែងជាម្ដាយកូនជាមួយ អាធារ៉ាផ្ទាល់តែម្ដង។

ដូច្នេះសូមលោកអ្នក កុំប្រញាប់វាយតម្លៃលើអ្វីដែលមិនដឹងការពិត ឬអ្វីដែលគេមិនចង់បង្ហាញ។ ខ្ញុំសូមផ្ញើតួឯកស្រីវ័យក្មេង មួយដួងនេះក្នុងក្រអៅបេះដូងរបស់បងប្អូនគ្រប់ស្រទាប់វណ្ណៈនៃវិស័យសិល្បៈទម្រង់ទី៧នេះផង។ ដុំពេជ្រមួយគ្រាប់នេះ ខ្ញុំបានយកមកកែច្នៃឱ្យមានពន្លឺចែងចាំង ជះរស្មី លើវិថីសិល្បៈចាប់ពីពេលនេះតទៅ។ កុំភ្លេចទស្សនាខ្សែភាពយន្តភាគខ្នាតធំនិទានពីសម័យកាលលង្វែករបស់ខ្មែរយើង នាអំឡុងឆ្នាំ ១៤០០-១៥០០ ដោយមានការចូលសម្ដែងពី ក្មួយស្រី សាពូន ដារ៉ាភិមាន ប្អូនស្រី សឿ សុធារ៉ា រួមនឹងតារាប្រុសស្រីគ្រប់ជំនាន់ល្បីៗជាច្រើនដួងទៀត។ ពីអ្នកដឹកនាំរឿង កៅ សីហា»៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: