សិល្បៈ

ផលិតករល្បីឈ្មោះ កៅ សីហា សម្រេចនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្រ្ត ក្រោយស្ថានភាពកាន់តែធ្ងន់ធ្ងរ

BY
Khmerpress
November 30, 2022
ផលិតករល្បីឈ្មោះ កៅ សីហា សម្រេចនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្រ្ត ក្រោយស្ថានភាពកាន់តែធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងស្ថានភាពជំងឺផ្នែកស្មារតី របស់អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី សឿ សុធារ៉ា កាន់តែធ្ងន់ធ្ងរទៅៗ បន្ទាប់ពីម្ដាយរបស់នាង បានបាត់បង់ជីវិតកាលពីពេលថ្មីៗនេះរួចមក អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក កៅ សីហា បានសម្រេចចិត្តនាំអតីតតារាសម្ដែង សឿ សុធារ៉ា ទៅកាន់មន្ទីរពេទ្យផ្នែកចិត្តសាស្ត្រ ដើម្បីធ្វើការប្រឹក្សា និងពិនិត្យព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ក្នុងគោលបំណងឲ្យ សឿ សុធារ៉ា បានធូរស្បើយឡើងវិញ និងអាចបន្តការងារសិល្បៈបានជាធម្មតាដូចមុន។

លោក កៅ សីហា ដែលមហាជនបានសង្កេតឃើញថា ជារឿយៗលោកតែងតែជួយជ្រោមជ្រែងដល់តារាសម្ដែង សឿ សុធារ៉ា ដោយមិនគិតពីការនឿយហត់ និងការរិះថា ជួយដើម្បីយកមុខយកមាត់នោះឡើយ។ ជាពិសេសថ្មីៗនេះ លោកបានផ្ដល់ឱកាសដល់កូនស្រីរបស់តារាសម្ដែង សឿ សុធារ៉ា បានសម្ដែងក្នុងរឿងបុរាណមួយ របស់ផលិតកម្មហង្សមាស បន្ទាប់ពីបានមើលឃើញពីទេពកោសល្យ និងឈាមជ័រជាអ្នកសិល្បៈរបស់កុមារី សាពូន ដារ៉ាភិមាន មានស្រាប់តាំងពីកំណើត។

ផលិតករភាពយន្តលោក កៅ សីហា បានថ្លែងបញ្ជាក់តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកថា «ថ្ងៃនេះនាំប្អូនស្រី សឿ សុធារ៉ា មកជួបដុកទ័រ ផ្នែកចិត្តសាស្ត្រនៅមន្ទីរពេទ្យសេអ៊ូល។ ខ្ញុំសូមគោរពថ្លែងអំណរគុណនូវគុណធម៌ ចិត្តសប្បុរសរបស់លោកគ្រូពេទ្យ និងមន្ទីរសម្រាកព្យាបាលសេអ៊ូល ដែលបានជួយប្រឹក្សាទទួលយកធារ៉ាព្យាបាល»។

តាមការឲ្យដឹងបន្ថែមទៀត គឺតារាសម្ដែង សឿ សុធារ៉ា បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកចិត្តសាស្ត្រនេះ គឺមានតែកូនៗរបស់នាងប៉ុណ្ណោះ ហើយពាក់ព័ន្ធនឹងសេវាព្យាបាល គេនៅពុំទាន់ដឹងទេថា តើនៅលើលោក កៅ សីហា ជាអ្នកធានារ៉ាបរង ឬនៅលើតារាសម្ដែង សឿ សុធារ៉ា ដែលជាសាមីខ្លួននោះទេ។ ប៉ុន្តែដូចដែលមហាជន បានដឹងស្រាប់ហើយថា រហូតមកដល់ពេលនេះ តារាសម្ដែង សឿ សុធារ៉ា បានធ្លាក់ដុនដាបខ្លាំង ដោយសូម្បីតែផ្ទះរបស់ខ្លួន ក៏ត្រូវម្ចាស់បំណុលដកហូតយកអស់ ហើយសព្វថ្ងៃនាងកំពុងតែស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងវត្តវិហារត្រាញ់ បន្ទាប់ពីម្ដាយចែកឋានទៅ។

តាមរយៈការប្រឹក្សា និងព្យាបាលផ្នែកចិត្តសាស្ត្រពីសំណាក់ក្រុមគ្រូពេទ្យនៅពេលនេះ ទាំងលោក កៅ សីហា និងមហាជនទូទៅអាចមានជំនឿចិត្តថា ស្ថានភាពជំងឺរបស់តារាសម្ដែង សឿ សុធារ៉ា នឹងបានប្រសើរឡើងវិញ ក្នុងពេលឆាប់ៗ ដែលជាផ្លូវមួយអាចឲ្យរូបនាង និងកូនស្រីបន្តឈរជើងរឹងមាំលើវិថីសិល្បៈ អាចរកចំណូលជ្រោងគ្រួសារពីចំណុចសូន្យឡើងវិញ តាមរយៈការផ្ដល់ឱកាសការងារពីផលិតករភាពយន្តនានា ដែលធ្លាប់បានដឹងពីទេពកោសល្យសម្ដែងរបស់នាងនាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: