ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានឯកជន ដែលមិនអនុវត្តតាមច្បាប់

BY
Khmerpress
December 1, 2022
ក្រសួងសុខាភិបាល ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានឯកជន ដែលមិនអនុវត្តតាមច្បាប់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តច្បាប់ និងក្របសីលធម៌វិជ្ជាជិវៈ ក្នុងការផ្ដល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

ក្រសួងសុខាភិបាល បានធ្វើការណែនាំក្រើនរំលឹកជាបន្តបន្ទាប់ដល់មូលដ្ឋានសុខាភិបាលឯកជន ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុង វិស័យសុខាភិបាល។ ប៉ុន្តែក្រសួងសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។

ក្នុងន័យនេះក្រសួងសុខាភិបាល សូម ឯកឧត្ដម លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវា សុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ ណែនាំឱ្យមន្ទីរសុខាភិបាលពង្រឹងក្នុងការផ្តល់សេវាសុខា- ភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជនតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: