ព័ត៌មានអន្តរជាតិ

ចិនសម្រេចលុបចោលវិធានការបិទខ្ទប់កូវីដ-១៩ក្នុងទីក្រុងចំនួន ២ ក្រោយផ្ទុះបាតុកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ

BY
Khmerpress
December 1, 2022
ចិនសម្រេចលុបចោលវិធានការបិទខ្ទប់កូវីដ-១៩ក្នុងទីក្រុងចំនួន ២ ក្រោយផ្ទុះបាតុកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ

ចិន៖ អាជ្ញាធរចិនបានសម្រេចលុបចោលវិធានការបិទខ្ទប់កូវីដ-១៩នៅក្នុងទីក្រុងធំៗចំនួន ២ ក្រោយបាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានផ្ទុះឡើងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូនេះ។ ទីក្រុងដែលទើបត្រូវបានដកចេញនូវវិធានការបិទខ្ទប់នេះគឺទីក្រុង Guangzhou និងទីក្រុង Chongqing ខណៈការសម្រេចលុបវិធានការបិទខ្ទប់គឺត្រូវបានធ្វើឡើងក្រោយពេលប្រជាពលរដ្ឋនៅតំបន់ភាគខាងត្បូងនៃទីក្រុង Guangzhou បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មយ៉ាងខ្លាំងក្លាដើម្បីប្រឆាំងនឹងចំណាត់ការរបស់អាជ្ញាធរ។

គួរបញ្ជាក់ជូនថា បាតុកម្មពីសំណាក់ប្រជាពលរដ្ឋចិនបានកើតមានជាបន្តបន្ទាប់នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះដោយពួកគេយល់ឃើញថា វិធានការបិទខ្ទប់របស់អាជ្ញាធរចិនគឺជាវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរឹងបំផុតនៅលើពិភពលោក ខណៈនាពេលបច្ចុប្បន្ននេះពិភពលោកទាំងមូលបានសម្រេចបន្ធូរបន្ថយ ឬលើកលែងវិធានការទប់ស្កាត់ស្ទើរតែទាំងស្រុងទៅហើយ។ សូមបញ្ជាក់ជូនផងដែរថា ចិនបានសម្រេចអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យស្ថិតក្នុងកម្រិតសូន្យ ហើយតាមរយៈការអនុវត្តវិធានការនេះគឺអាជ្ញាធរតែងធ្វើការបិទខ្ទប់ទីក្រុង ឬតំបន់ណាមួយភ្លាមៗតែម្តងក្រោយពេលរកឃើញករណីឆ្លងថ្មីក្នុងចំនួនដ៏តិចតួចបំផុត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: