ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

BY
Khmerpress
December 2, 2022
ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។

កម្មវិធីនេះ ជាគម្រោងនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងពិធីនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋាន ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) នឹងឡើងអានសុន្ទរកថាស្វាគមន៍ ជាមួយ នឹងការអានសាររបស់ឯកឧត្តមបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការអាស៊ាន ដោយលោក Lee Yoong Yoong ប្រធាននាយកដ្ឋានកិច្ចការសហគមន៍នៃលេខាធិការដ្ឋានអាស៊ាន បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុទ្ទរកថាគន្លឹះបើកកម្មវិធីតែម្តង។

បន្ទាប់មកនៅ ព្រឹក ថ្ងៃទី០២ ខែធ្នូដដែល ក្រោយសម្តេចតេជោ ហ៊ុន សែន បានបញ្ចប់កម្មវីធីទៅ នៅម៉ោង ១០:៤៥ ដល់ម៉ោង១២:០០ កម្មវិធី នឹងបន្តបើកកិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ«ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» ដែលកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការសមាគម UCLG ASIAC និង AMF។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 8:30នាទី ព្រឹក ពីសណ្ឋាគារសុខាភ្នំពេញ៕

Share This Post: