ព័ត៌មានជាតិ

អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ជូនដំណឹងពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ

BY
Khmerpress
December 2, 2022
អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ជូនដំណឹងពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានចាត់ក្រុមការងារបច្ចេកទេស ចុះអនុវត្តជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅតាមក្រសួង ស្ថាប័ន និងរាជធានី ខេត្ត មកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនមន្ត្រីរាជការស៉ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាលអគារ V ទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមសេចក្តីជូនដំណឹង​ ស្តីពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបណ្តាញ Fresh News ទទួលបាន។

សេចក្តីជូនដំណឹងបន្ថែមថា នីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖

១៖ អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព៖

* សាមីខ្លួន យកតែអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលផុតសុពលភាព មកសុំបំពេញបែបបទសុំផ្ដល់ឡើងវិញ ក្នុងករណីពុំមានការផ្លាស់ប្តូរទិន្នន័យ។
* សាមីខ្លួន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលផុតសុពលភាព និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ តាមអាសយដ្ឋានបច្ចុប្បន្ន ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន។

២៖ អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ត្រូវមានពាក្យបណ្តឹង និងពាក្យសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលសាមីខ្លួនស្នាក់នៅអចិន្ត្រៃយ៍។

៣៖ អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របក ខូច ៖ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរបក ខូចនោះ មកសុំប្ដូរថ្មី ដោយពុំចាំបាច់មានឯកសារអ្វីទេ។

៤៖ អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ សាមីខ្លួនត្រូវមាន៖

* សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ។
* សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ៕​ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: