ព័ត៌មានជាតិ

ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសាប្រឡងបាក់ឌុប ទៅកាន់បណ្ដារាជធានី-ខេត្ត ត្រៀមសម្រាប់ការប្រឡង នៅថ្ងៃទី៥-៦ ខែធ្នូ !

BY
Khmerpress
December 2, 2022
ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសាប្រឡងបាក់ឌុប ទៅកាន់បណ្ដារាជធានី-ខេត្ត ត្រៀមសម្រាប់ការប្រឡង នៅថ្ងៃទី៥-៦ ខែធ្នូ !

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅកាន់បណ្ដារាជធានី-ខេត្តទូទាំងប្រទេស ដើម្បីត្រៀមសម្រាប់ការរយៈពេល២ថ្ងៃ គឺថ្ងៃទី០៥-៦ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្រសួងបានបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃទី២ ខែធ្នូនេះ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួល ផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៥ ធ្នូ ២០២២។

ក្រសួងអប់រំបន្តថា គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះថា តាមការគ្រោងទុកប្រធានវិញ្ញាសាប្រឡងបាក់ឌុបទាំងអស់ នឹងទៅដល់តាមបណ្តារាជធានីខេត្ត យ៉ាងយូរនៅពេលល្ងាចថ្ងៃដដែលនេះ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២​៨​ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន២២១ ត្រូវជា ៥ ២២៧បន្ទប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: