ព័ត៌មានជាតិ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺករណីរឿងចម្លែកនៅក្រុងប៉ោយប៉ែត កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល

BY
Khmerpress
December 2, 2022
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺករណីរឿងចម្លែកនៅក្រុងប៉ោយប៉ែត កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល

យោងតាមការចុះផ្សាយរបស់ សេចក្តីប្រកាសព័ត៌មានរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០២២ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន៖ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានសង្គមមួយចំនួន ធ្វើការផ្សព្វផ្សាយនូវព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីតាមផ្លូវតុលាការរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថថា “បែកធ្លាយ៖ រឿងចម្លែកនៅក្រុងប៉ោយប៉ែត, កិច្ចសន្យាខ្ចីប្រាក់ប្រែក្លាយជាករណី ឆបោក និងក្លែងឯកសារ ព្រោះចង់លេបផ្ទះកូនបំណុល!!!”។

យើងខ្ញុំសូមបង្ហាញទិដ្ឋភាពច្បាប់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា១១១ បានចែងថា “កាលណាបានដឹងពីអំពើដែលអាចជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬបទលហុ មន្ត្រីនគរបាលយុត្តិធម៌អាចធ្វើការស៊ើបអង្កេតបឋមដោយឯកឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា”។

អនុលោមតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋមរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខៈ ១៣៦១ អយ.ក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោយពីទទួលពាក្យបណ្តឹង មន្ត្រីនគរបាលយុត្តិធម៌បានចាប់ផ្ដើមអនុវត្តនីតិវិធីជាបន្តបន្ទាប់ និងបានរាយការណ៍ជូនតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចំណាត់ការបន្ត។ ក្រោយពីទទួលបានដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម មន្ត្រីនគរបាលយុត្តិធម៌ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការកោះហៅឈ្មោះ ទុយ ម៉េងលី ឱ្យចូលមកបំភ្លឺនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សាមីខ្លួនបានផ្តិតម្រាបដៃទទួល ប៉ុន្តែពុំបានចូលបំភ្លឺតាមការកោះហៅនោះទេ។ មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការកោះហៅលើកទី២ បុគ្គលខាងលើនេះ មិនបានចូលមកបំភ្លឺតាមការកោះហៅរបស់នគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថឡើយ។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលឈ្មោះ ទុយ ម៉េងលី ជ្រាបដូចខាងក្រោមថា៖

១-មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តត្រឹមត្រូវតាមនីតិវិធីដូចមានចែងក្នុងមាត្រា១១៤ “ការបញ្ជាឱ្យចូលខ្លួន ការស៊ើបអង្កេតបឋម” ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

២-បុគ្គលឈ្មោះ ទុយ ម៉េងលី មានសិទ្ធិប្តឹងតវ៉ាតាមផ្លូវច្បាប់គ្រប់ដំណាក់កាលរឿងក្តីដូចបញ្ញត្តិក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។ ប្រសិនបើឈ្មោះ ទុយ ម៉េងលី មិនបានប្រព្រឹត្តអំពើឆបោក ឬក្លែងឯកសារទេ សូមចូលបំភ្លឺតាមការកោះហៅ បង្ហាញពីការពិត និងភស្តុតាងដែលខ្លួនមាន។

៣-ក្នុងករណីរឹងទទឹងមិនចូលមកបង្ហាញខ្លួនតាមកោះហៅ មន្ត្រីនគរបាលយុត្តិធម៌ជូនដំណឹងដល់ព្រះរាជអាជ្ញាដែលអាចចេញបញ្ហាឱ្យចូលខ្លួន។ បញ្ជាឱ្យចូលខ្លួន អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលឈ្មោះ ទុយ ម៉េងលី ឱ្យចូលបង្ហាញខ្លួន៕ ប្រភព៖ PNN News

Share This Post: