ព័ត៌មានអន្តរជាតិ

មកដឹងពីមូលហេតុ ដែលបណ្តាលឲ្យតួអង្គ Power Rangers ពណ៌​បៃតងបាត់បង់ជីវិត

BY
Khmerpress
December 2, 2022
មកដឹងពីមូលហេតុ ដែលបណ្តាលឲ្យតួអង្គ Power Rangers ពណ៌​បៃតងបាត់បង់ជីវិត

អតីតតារាសម្តែងលោក Jason David Frank ដែលបានទទួលមរណភាពកាលពីខែមុន នៅក្នុងវ័យ ៤៩ឆ្នាំ ត្រូវបានគេរាយការណ៍ថា គាត់បានស្លាប់ដោយសារការធ្វើអត្តឃាត នេះបើតាមការឱ្យដឹងដោយអ្នកនាង Tammie Frank ដែលជាភរិយារបស់គាត់។ លោក Jason ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាតួអង្គ Power Rangers ពណ៌បៃតង ដែលមានឈ្មោះថា Tommy Oliver ។ ខ្សែភាពយន្តចុងក្រោយរបស់លោកគឺ Legend of the White Dragon គ្រោងនឹងចេញផ្សាយនៅឆ្នាំក្រោយ បន្ទាប់ពីយុទ្ធនាការ Kickstarter ជោគជ័យ។

ឥឡូវនេះភរិយារបស់គាត់ គឺអ្នកស្រី Tammie Frank បាននិយាយអំពីការស្លាប់របស់លោក Jason ដោយបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់គាត់ថា ជាការធ្វើអត្តឃាត និងពន្យល់បន្ថែមអំពីបរិបទជុំវិញការស្លាប់ដ៏សោកសៅរបស់គាត់។ ថ្លែងទៅកាន់ទស្សនាវដ្តី People អ្នកនាង Tammie បាននិយាយយ៉ាងក្រៀមក្រំថា ប្តីរបស់អ្នកនាងបានធ្វើអត្តឃាតខ្លួនឯងនៅក្នុងអំឡុងពេលចុងសប្តាហ៍ នៅពេលដែលអ្នកទាំង២មានគោលបំណងចង់ធ្វើឱ្យទំនាក់ទំនងល្អប្រសើរឡើងវិញ។ ពោលគឺអ្នកទាំង ២ ធ្លាប់ចង់ចែកផ្លូវគ្នា ប៉ុន្តែបានព្យាយាមចុះសម្រុងគ្នាវិញ។

ក្រោយការស្លាប់របស់លោក Jason ប្រពន្ធរបស់គាត់ត្រូវបានគេនិយាយមិនល្អនៅលើបណ្ដាញអ៊ីនធឺណិត ហើយចំណែកលោក Jason ផ្ទាល់ ក៏នៅតែមានអ្នកនិយាយមិនល្អដូចគ្នាទោះបីជាគាត់បានចែកឋានទៅហើយ។ ដូច្នេះហើយភរិយាគាត់គ្រាន់តែចង់រស់នៅស្ងប់ស្ងាត់ដូចមុន គ្មានការរំខានដោយការស្អប់ទៀតប៉ុណ្ណោះ។ រំលឹកផងដែរថា លោក Jason David Frank បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមាណជា ២ សប្ដាហ៍កន្លងទៅនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: