ព័ត៌មានអន្តរជាតិ

អាមេរិកអនុម័តការលក់មីស៉ីលកញ្ចប់ទី៣ ដែលមានតម្លៃ៣៨០លានដុល្លារ ទៅឲ្យប្រទេសហ្វាំងឡង់

BY
Khmerpress
December 2, 2022
អាមេរិកអនុម័តការលក់មីស៉ីលកញ្ចប់ទី៣ ដែលមានតម្លៃ៣៨០លានដុល្លារ ទៅឲ្យប្រទេសហ្វាំងឡង់

(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់មីស៉ីលតម្លៃរាប់លានដុល្លារមួយផ្សេងទៀត ទៅឲ្យប្រទេសហ្វាំងឡង់ ដោយយល់ព្រមដឹកជញ្ជូនគ្រាប់មីស៉ីល សម្រាប់បាញ់ពីឧបករណ៍បំពាក់លើស្មារាប់រយគ្រាប់ និងជាលើកទី៣ គិតចាប់តាំងពីដើមខែវិច្ឆិកាមក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២​ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក (DSCA) បានប្រកាសថា ក្រុមមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងតម្លៃ ៣៨០លានដុល្លារ សម្រាប់ការលក់មីស៉ីល ស្ទីងចឺ (Stinger) ចំនួន៣៥០គ្រាប់ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាការបណ្តុះបណ្តាលនិងការដឹកជញ្ជូន។ ការលក់នេះនឹងជួយធ្វើអោយប្រសើរឡើង នូវសមត្ថភាពការពារ និងទប់ស្កាត់របស់ប្រទេសហ្វាំងឡង់ និងបម្រើផលប្រយោជន៍គោលនយោបាយការបរទេសអាមេរិកផង។

កិច្ចព្រមព្រៀងចុងក្រោយនេះ គឺជាប្រតិបត្តិការលក់អាវុធក្នុងទំហំធំលើកទី៣ ជាមួយហ្វាំងឡង់ ដោយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា DSCA បានប្រកាសពីការលក់ដាច់ដោយឡែកមួយ ក្នុងទំហំទឹកប្រាក់ ៣២៣.៣លានដុល្លារសម្រាប់មីស៉ីល Sidewinder និងគ្រាប់បែក AGM-154 រាប់សិបគ្រឿង ខណៈដែលកិច្ចព្រមព្រៀងមីស៊ីលមួយទៀតមានតម្លៃ ៥៣៥លានដុល្លារ ត្រូវបានអនុម័តកាលពីថ្ងៃទី២ ខែវិច្ឆិកា។ យ៉ាងណាក្តីកិច្ចព្រមព្រៀងខាងលើទាំងនេះ នៅមិនទាន់ទទួលបានភ្លើងបៃតងចុងក្រោយ ពីសភាអាមេរិកនៅឡើយទេ។

គួរបញ្ជាក់ថា ហ្វាំងឡង់ដែលមានព្រំដែនគោកចម្ងាយ ១,៣៤០គីឡូម៉ែត្រ ជាមួយរុស្ស៊ី បានដាក់ពាក្យចូលជាសមាជិកអង្គការ NATO កាលពីខែឧសភា ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ ចំពេលរុស្ស៉ីឈ្លានពាននៅអ៊ុយក្រែន។ ទោះមិនមែនជា សមាជិក NATO ក៏ដោយ ទីក្រុងហែលស៉ិនគី (Helsinki) បានរក្សាទំនាក់ទំនងយោធាយ៉ាងជិតស្និទ្ធ ជាមួយក្រុមលោកខាងលិច រាប់បញ្ចូលទាំងការធ្វើសមយុទ្ធរួមគ្នាជាញឹកញាប់ និងការទិញអាវុធជាប្រចាំពីសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: