ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត ត្រៀមរៀបចំកម្មវិធីកម្សាន្ដសប្បាយៗជាច្រើន រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣

BY
Khmerpress
December 2, 2022
រដ្ឋបាលខេត្តកំពត ត្រៀមរៀបចំកម្មវិធីកម្សាន្ដសប្បាយៗជាច្រើន រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២៣ នាពេលខាងមុខ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋបាលខេត្តបានត្រៀមរៀបចំកម្មវិធីកម្សាន្ដសប្បាយជាច្រើនដូចតទៅ៖

-ការប្រណាំងទូកនេសាទ
-ការសម្តែងឆ័ត្រយន្តហោះ
-កម្មវិធីប្រដាល់សេរី និងសម្ដែងក្បាច់គុនបុរាណខ្មែរ
-ការប្រគុំតន្ត្រីចំនួន ០៣ទីតាំង (ពហុកីឡាដ្ឋានខេត្ត ទីលានរូបសំណាកព្រះបាទអង្គឌួង និងឆ្នេរ ព្រែកកំពតកោះស្មៅ)
-ទស្សនាការបាញ់កាំជ្រួច និងរាប់ថយក្រោយ។

ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តមានកិត្តិយសសូមគោរពអញ្ជើញ សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្ត ក្រៅខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តកំពត និងក្រៅខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមឲ្យបាន ច្រើនកុះករកុំបីអាក់ខាន និងចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

Share This Post: