ព័ត៌មានអន្តរជាតិ

លោក ពូទីន ថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជារឿងចៀសមិនរួច

BY
Khmerpress
December 3, 2022
លោក ពូទីន ថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជារឿងចៀសមិនរួច

(មូស្គូ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន គឺជា «រឿងចៀសមិនរួច» ខណៈវិមានក្រឹមឡាំងច្រានចោលលក្ខខណ្ឌចរចារបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ហើយព្រមានថាការវាយប្រហារ នឹងបន្តធ្វើឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

ក្រោយបរាជ័យជាបន្តបន្ទាប់ ក្នុងតំបន់ខាកៀវ និងខឺសុន រុស្ស៉ីបានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន តាំងតែពីខែតុលាមកម្ល៉េះ ដោយ បណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ នៅចំពោះមុខរដូវរងាដ៏គ្រោះថ្នាក់។ យ៉ាងណាក៏ដោយ នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាលើកដំបូងចាប់តាំងពីពាក់កណ្ដាលខែកញ្ញាមក លោក ពូទីន បានថ្កោលទោសយ៉ាងខ្លាំងនូវអ្វីដែលលោកផ្ទាល់ហៅថា «ជាគោលនយោបាយបំផ្លិចបំផ្លាញរបស់លោកខាងលិច» នៅក្នុងប្រទេសអ៊ុយក្រែន ហើយថាការវាយប្រហាររបស់រុស្ស៉ីជាការឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពីទីក្រុងកៀវ។

លោក ពូទីន បានបញ្ជាក់បន្ថែមដូច្នេះថា «ទីក្រុងមូស្គូ បានអត់ធ្មត់ជាយូរមកហើយ ពីការប្រើប្រាស់មីស៊ីលកំណត់គោលដៅជាក់លាក់ វាយប្រហារលើគោលដៅ មួយចំនួននៅលើទឹកដីអ៊ុយក្រែន…ក៏ប៉ុន្តែ បច្ចុប្បន្ន វិធានការបែបនេះត្រូវបានបង្ខំឱ្យធ្វើ និងជារឿងចៀសមិនរួច ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបង្កហេតុពី សំណាក់ទីក្រុងកៀវ លើហេដ្ឋរចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៉ី»។ បើតាមវិមានក្រឹមឡាំង លោក ពូទីន ចង់សំដៅទៅលើការវាយប្រហារលើស្ពានមួយនៅក្នុងតំបន់ គ្រីមៀ ដែលទីក្រុងមូស្គូចោទថាជាស្នាដៃរបស់អ៊ុយក្រែន។​

គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទខាងលើ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានជំរុញឱ្យលោក ពូទីន ត្រឡប់មករកដំណោះស្រាយការទូត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងនោះរួមទាំងការដកកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែសំណើនេះដែលដូចគ្នាទៅនឹងសំណើរបស់លោក ចូ បៃដិន ដែរនោះត្រូវបានលោក ពូទីន ច្រានចោល និងបានស្នើឱ្យមានការទទួលស្គាល់តំបន់អ៊ុយក្រែនដែលរុស្ស៉ីកាត់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនជាមុនសិន មុននឹងចង់ និយាយរឿងចរចា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: