Mom Me

មានសត្វចិញ្ចឹមនៅផ្ទះ ផ្ដល់អត្ថប្រយោជន៍ដែលនឹកស្មានមិនដល់ចំពោះកូនៗ

BY
Liny Chan
January 6, 2023
មានសត្វចិញ្ចឹមនៅផ្ទះ ផ្ដល់អត្ថប្រយោជន៍ដែលនឹកស្មានមិនដល់ចំពោះកូនៗ

សម្រាប់មនុស្សជាច្រើន សត្វចិញ្ចឹម គឺជាសមាជិកគ្រួសារជាទីស្រលាញ់ ដែលផ្តល់ការគាំទ្រក្នុងការរស់នៅប្រចាំថ្ងៃ។ សត្វចិញ្ចឹម អាចជួយគូស្វាមីភរិយាឱ្យពង្រឹងទំនាក់ទំនងរបស់ពួកគេ មិនតែប៉ុណ្ណោះដើរតួជាមិត្តបស់កុមារតូចៗផងដែរ។ ការសិក្សាមួយនៅសហរដ្ឋអាមេរិកបានរកឃើញថា ៦៣% នៃគ្រួសារដែលមានកូនអាយុក្រោម ១២ខែ មានសត្វចិញ្ចឹម ហើយការសិក្សារបស់អូស្ត្រាលីបានរកឃើញថា មានការកើនឡើង ១០% ទៅលើការចិញ្ចឹមសត្វនៅពេលដែលកុមារចាប់ផ្ដើមចូលរៀន។

ឪពុកម្តាយជាច្រើនមានអារម្មណ៍ថា ការចិញ្ចឹមសត្វអាចផ្តល់ឱ្យកុមារនូវមេរៀនដ៏មានតម្លៃអំពីការថែទាំ ការទទួលខុសត្រូវ និងការយល់ចិត្ត។ ទន្ទឹមនឹងនេះ លោក Megan Mueller សាស្ត្រាចារ្យរងផ្នែកអន្តរកម្មរវាងមនុស្ស និងសត្វនៅសាកលវិទ្យាល័យ Tufts សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ “ការចិញ្ចឹមសត្វនៅក្នុងផ្ទះ ផ្ដល់ប្រយោជន៍ច្រើនដល់កុមារតូចៗ ព្រោះអាចឱ្យកុមារងាយស្រួល ក្នុងការរៀនពីភាពខុសគ្នានៃទស្សនៈរបស់ពួកគេនិងអ្នកដទៃ ជាជាងនិយាយជាមួយបងប្អូន ឬមិត្តភ័ក្ក”។

ការអះអាងផ្សេងទៀតបានលើកឡើងផងដែរថា សត្វចិញ្ចឹមអាចមានឥទ្ធិពលលើជំនាញសង្គមរបស់កុមារ សុខភាពរាងកាយ និងសូម្បីតែការអភិវឌ្ឍន៍ការយល់ដឹង និងកម្រិតនៃការយល់ចិត្តខ្ពស់។ ជាពិសេសសម្រាប់កុមារដែលមានជំងឺអូទីស្សឹម និងគ្រួសាររបស់ពួកគេ ការចិញ្ចឹមសត្វអាចជួយកាត់បន្ថយភាពតានតឹង និងបង្កើនសម្ព័ន្ធភាពក្នុងគ្រួសារ។ ជាមួយគ្នានេះដែរ ការស្រាវជ្រាវផ្សេងទៀតបង្ហាញថា កុមារដែលមានសត្វចិញ្ចឹម ធ្វើកំហុសតិចជាងមុនលើកិច្ចការចាត់ថ្នាក់វត្ថុ និងឆាប់ចងចាំ។

សម្គាល់៖ បើទោះបីជា សត្វចិញ្ចឹមជួយច្រើនដល់កុមារយ៉ាងណាក្ដី តែអ្នកត្រូវចេះជ្រើសរើសសត្វចិញ្ចឹម និងត្រូវប្រាកដថា សត្វចិញ្ចឹមរបស់អ្នកមានសុខភាពល្អ ចៀសវាងករណីបង្កគ្រោះថ្នាក់ ឬ ចម្លងជំងឺដល់កូនៗជាទីស្រលាញ់របស់អ្នក៕

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ bbc

Share This Post: