សង្គម

ជនជាតិចិនម្នាក់ ប្រតិកម្មខ្លាំងៗចំពោះនគរបាលចរាចរណ៍ គោលដៅលើកំណាត់ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យមិនចេញវិក្កិយបត្រ និងរហូតប្រើអំពើហិង្សា

BY
Khmerpress
January 7, 2023
ជនជាតិចិនម្នាក់ ប្រតិកម្មខ្លាំងៗចំពោះនគរបាលចរាចរណ៍ គោលដៅលើកំណាត់ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលផាកពិន័យមិនចេញវិក្កិយបត្រ និងរហូតប្រើអំពើហិង្សា

(តាកែវ)៖ ជនជាតិចិនម្នាក់ទំនងជាអ្នករកស៉ីវិនិយោគនៅក្នុងប្រទេសកម្ពុជា បានបង្ហោះសាររិះគន់យ៉ាងចាស់ដៃលើមន្ដ្រីនគរបាលចរាចរណ៍ នៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៦៨ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ (គីឡូម៉ែត្រលេខ៦៨) ដែលមុនដំបូងផាកពិន័យរហូតដល់១០០ដុល្លារ ដោយចោទប្រកាន់ថា បើករលើសល្បឿនកំណត់ ទាំងដែលរូបគេអះអាងថាមិនបានបើកបរខុសច្បាប់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបណ្ដាល ឲ្យបុរសចិនរូបនេះមានរបួសស្នាមថែមទៀតផង។

វិនិយោគិនចិនរូបនេះ បានបង្ហាញនូវក្ដីឈឺចាប់តាមរយៈសំណេរដែលបង្ហោះនៅលើ Facebook របស់ខ្លួនឈ្មោះ 崔健 (CUI JIAN) ថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រូបគេបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ រហូតដល់គីឡូម៉ែត្រលេខ៦៨ ក៏ត្រូវនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាប់ឃាត់ផាកពិន័យ ដោយអះអាងថា រូបគេបើកបរលើសល្បឿនកំណត់ ៣០ភាគរយ និងតម្រូវឲ្យបង់ប្រាក់ផាកពិន័យ១០០ដុល្លារ។

តាមរយៈសំណេរដដែលនោះ ជនរងគ្រោះបានបន្ដទៀតថា ការចោទប្រកាន់ថារូបគេបើកបរលើសល្បឿនកំណត់នេះមិនសមហេតុផលឡើយ ព្រោះរូបគេបើកបររថយន្ដធុនធំ ហើយក៏មិនអាចបើកលឿនពេកនោះដែរ។ ជនជាតិចិនរូបនេះ គិតថា ការផាកពិន័យនេះ ទំនងដោយសារឃើញរូបគេជាជនជាតិបរទេស (ចិន) ហើយគ្រាន់តែផាកដើម្បីយកលុយដាក់ហោប៉ៅខ្លួនឯងប៉ុណ្ណោះ។

ម្ចាស់គណនី Facebook 崔健 (CUI JIAN) បានបន្ថែមថា ក្នុងហេតុការណ៍នោះ ក៏មានការប្រកែកតវ៉ា និងឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយមានមន្ដ្រីនគរបាល៥នាក់ ឆក់យកទូរស័ព្ទរបស់ខ្លួន និងវាយដំលើរូបខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង (រូបភាពមានបង្ហាញ)។ បន្ទាប់ពីឆក់យកទូរស័ព្ទរបស់ជនជាតិចិនហើយនោះ មន្ដ្រីនគរបាលទាំងអស់នោះ បានលុបរូបភាពទាំងអស់នោះចេញ ដើម្បីបំបាត់ភ័ស្ដុតាង។ ក្រោយមកមន្ដ្រី នគរបាលចរាចរណ៍ទាំងនោះ បានបង្ខំរូបគេបង់ប្រាក់ផាកពិន័យ៥០ដុល្លារ ដោយមិនចេញវិក្កិយបត្រឡើយ។

បុរសជនជាតិចិនរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា «នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខ្ញុំបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីភ្នំពេញ ដល់គីឡូម៉ែត្រលេខ៦៨ ខ្ញុំហួសល្បឿនកំណត់ ៣០ភាគរយ សង្ស័យវាស់ល្បឿនខុស ព្រោះមិនអាចបើកឡានធំបានលឿនពេក។ ប៉ូលិសចរាចរណ៍ឃើញខ្ញុំជាជនជាតិចិន ក៏ចង់ផាកពិន័យ១០០ដុល្លារ។ ខ្ញុំថតរូបប្រមូលភស្តុតាង ប្រមូលលុយមិនចេញវិក្កិយបត្រ ប៉ូលិស៥នាក់មកឆក់យកឧបករណ៍វីដេអូ និងទូរសព្ទដៃ និងវាយដំខ្ញុំរបួសជាច្រើនកន្លែង។ ប៉ូលិសបានលុបរូបថតទាំងអស់របស់ខ្ញុំ។ នៅទីបំផុតខ្ញុំត្រូវបានគេសុំឲ្យចាកចេញដោយគ្មានវិក្កិយបត្រចំនួន៥០ដុល្លារ»។

បន្ថែមពីការរៀបរាប់រឿងនគរបាលគោលដៅផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ផាកពិន័យដោយគ្មានហេតុផល និងមិនចេញវិក្កិយបត្រនេះ ជនជាតិចិនខាងលើ ក៏បានគូសបញ្ជាក់ថា សកម្មភាពរបស់បុគ្គលនគរបាលនេះ ហាក់ធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជាថែមទៀតផង។

ពាក់ព័ន្ធនគរបាលចរាចរណ៍គោលដៅស្រុកត្រាំកក់ ខេត្តតាកែវនេះ កន្លងទៅក៏ធ្លាប់មានប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់រិះគន់ជាបន្ដបន្ទាប់ផងដែរ ពិសេសពាក់ព័ន្ធការបាញ់ល្បឿននេះតែម្ដង។ កាលពីសប្ដាហ៍មុនស្ដ្រីម្នាក់ក៏បានរិះគន់ថា គេបើកបរមិនលើសល្បឿននោះទេ ប៉ុន្ដែស្រាប់តែនគរបាលចរាចរណ៍ បាញ់ឃើញលើសល្បឿនកំណត់ ហើយនាំឲ្យមានការរិះគន់នៅលើបណ្ដាញសង្គមផងដែរ។

ជុំវិញការចោទប្រកាន់នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់សុំការបកស្រាយពីស្នងការដ្ឋាននគរបាលខេត្តតាកែវបាននៅឡើយទេ គិតត្រឹមថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: