Mom Me

ដើម្បីជ្រើសរើសដបទឹកដោះគោបានត្រឹមត្រូវ និងល្អបំផុតសម្រាប់កូន ប៉ាម៉ាក់គួរមើលលើ ៥ចំណុចនេះ

BY
Liny Chan
January 10, 2023
ដើម្បីជ្រើសរើសដបទឹកដោះគោបានត្រឹមត្រូវ និងល្អបំផុតសម្រាប់កូន ប៉ាម៉ាក់គួរមើលលើ ៥ចំណុចនេះ

ដបទឹកដោះគោ អាចចាត់ចូលជាសម្ភារមួយដែលមិនអាចខ្វះបាននៅពេលអ្នកម្ដាយត្រៀមសម្រាលបុត្រ ដោយសារក្រៅពីការបំបៅដោះដោយផ្ទាល់​ អ្នកម្ដាយមួយចំនួនបានជ្រើសរើសការបំបៅកូនដោយប្រើដប។ តែការជ្រើសរើសដបទឹកដោះគោសម្រាប់ទារកមិនមែនជារឿងងាយស្រួលឡើយ ហើយអ្នកម្ដាយភាគច្រើនតែងតែទៅហាងលក់សម្ភារកុមារ នឹងសួរនាំរកដបណាដែលល្អបំផុត។

យ៉ាងណាមិញអ្នកម៉ាក់នឹងលែងច្របូកច្របល់ក្នុងការជ្រើសរើសទៀតហើយ នៅពេលដឹងពីវិធីក្នុងការជ្រើសរើសដបទឹកដោះគោដែលល្អបំផុតសម្រាប់ទារកនៅខាងក្រោមនេះ៖

១. ក្បាលដោះ៖ ជាទូទៅក្បាលដោះត្រូវបានបង្កើតឡើងជាច្រើនកម្រិតទៅតាមអាយុរបស់ទារក។ ក្បាលដោះដែលមានកម្រិតហូរយឺតបំផុតត្រូវបានបង្កើតឡើងសម្រាប់ទារកទើបនឹងកើត ហើយជាធម្មតាវាស្ថិតកម្រិតទី១។ ប៉ុន្តែបើក្នុងករណីកម្រិតទី១នេះ លំហូរទឹកដោះខ្លាំង អ្នកអាចនឹងត្រូវការក្បាលដោះដែលមានទំហំតូចជាងនេះ។ មួយវិញទៀតម៉ាកៗក៏អាចជ្រើសប្រភេទនៃក្បាលដោះផងដែរ ដោយក្បាលដោះដែលផលិតពី ស៊ីលីកូន មាំ និងធន់បានយូរ , ក្បាលដោះប្រភេទជ័រ ទន់ តែមិនអាចប្រើក្នុងពេលយូរនោះទេ ហើយទារកខ្លះក៏អាចអាឡែស៊ីទៅនឹងជ័រដែរ។

២. រូបរាង៖ ដបទឹកដោះគោត្រូវបានផលិតមកជាច្រើនទម្រង់ខុសៗគ្នាទៅតាមម៉ាកផលិតផលនីមួយៗ ដបខ្លះត្រង់ ឯដបខ្លះទៀតមានរូបរាងដូចជាមុំ។ ដបដែលបង្កើតជាទម្រង់មុំ ជាដបជួយទប់ខ្យល់នៅពេលទារកមឹម និងដបដែលធំទូលាយ គឺបង្កើតឡើងឱ្យដូចទៅនឹងសុដន់របស់អ្នកម្ដាយ ដែលជួយឱ្យទារកងាយស្រួលមឹមនិងមិនច្របូលច្របល់ ហើយដបដែលមានកធំទូលាយ ក៏ងាយស្រួលក្នុងការសម្អាតផងដែរ។

៣.ប្រភេទដប ឬ សាច់ដប៖ ដបទឹកដោះគោត្រូវបានផលិតឡើងជាច្រើនប្រភេទដូចជា៖ ប្លាស្ទិក កញ្ចក់ ស៊ីលីកូន និងអ៉ីណុក។ ហើយប្រភេទនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា៖

– ប្លាស្ទិក៖ ដបទឹកដោះផលិតឡើងពីប្លាស្ទិកមិនងាយខូច និងមានទម្ងន់ស្រាល ប៉ុន្តែវាត្រូវបានគេណែនាំឱ្យផ្លាស់ប្ដូរញឹកញាប់ជាងប្រភេទដបផ្សេងទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ដបផ្លាស្ទិកត្រូវបានចាត់ទុកថាមានសុវត្ថិភាពក្នុងការប្រើប្រាស់ ប៉ុន្តែត្រូវតែជាដបដែលមានដាក់សម្គាល់ថា Biphenol A free ឬ BPA free ហើយ​ផលិតផល​អស់​ទាំង​នោះ​ត្រូវ​ពឹង​ទៅ​លើ​ម៉ាក​ផលិតផល​ដែរ ព្រោះ​ម៉ាក​ដែល​មាន​តម្លៃ​ថ្លៃ គុណភាព​ក៏​ល្អ​ទៅ​តាម​នោះ​ដែរ។
– ដបកែវ៖ ប៉ាម៉ាក់ខ្លះចូលចិត្តប្រើដបកេវ ដោយសារមិនឆាប់ខូច ប៉ុន្តែដបប្រភេទនេះមានទម្ងន់ធ្ងន់ តម្លៃថ្លៃ និងងាយបែក។ ប៉ុន្តែប៉ាម៉ាក់អាចប្រើ ដៃកាន់ស៊ីលីកូន ដើម្បីការពារដបមិនឱ្យបែកពេលជ្រុះ។
– ស៊ីលីកូន៖ ដបស៊ីលីកូន មានទម្ងន់ស្រាល បត់បែនបាន និងប្រភេទ BPA free ប៉ុន្តែដបប្រភេទនេះពិបាករកទិញ និងមានតម្លៃថ្លៃជាងដបផ្សេងទៀត។
– ដបអ៉ីណុក៖ ទោះបីជាដបប្រភេទនេះប្រើប្រាស់បានយូរ និងមិនមានសារធាតុពុលក៏ដោយ ប៉ុន្តែវាមានតម្លៃថ្លៃ។ គុណវិបត្តិមួយទៀត គឺយើងមិនអាចមើលឃើញចំណុះទឹកដោះគោ ដែលធ្វើឱ្យយើងពិបាកក្នុងការដឹងថាតើទារកមឹមបានប៉ុណ្ណា។

៤.ទំហំដប៖ ជាទូទៅដបទារកមានទំហំចាប់ពីតូចទៅធំ ពោលគឺ ទំហំតូចជាង (ប្រហែល ៤-៥ អោន) និងទំហំធំជាង (ប្រហែល ៨-១០ អោន)។ ចំពោះទារកទើបនឹងកើត មឹមតែ ២ទៅ ៣អោនក្នុងមួយដង ប៉ុន្តែដើម្បីសន្សំសំចៃ យើងអាចទិញដបទំហំលើស ព្រោះការមឹមរបស់ទារកឆាប់ផ្លាស់ប្ដូរណាស់។

៥.ដបដែលមានរន្ធខ្យល់៖ ប៉ាម៉ាក់អាចជ្រើសរើសដបណាដែលមានលក្ខណៈពិសេសក្នុងការដកខ្យល់ចេញ ព្រោះវាអាច​កំណត់​បរិមាណ​ខ្យល់​ដែលទារក​ស្រូបចូលពោះ។ មួយវិញទៀត ដបដែលមានលក្ខណៈពិសេសនេះ អាចជួយកាត់បន្ថយ ការហើមពោះ និងក្អែររបស់កូន មិនឱ្យយំរករឿងផងដែរ។

*បញ្ជាក់នេះជាអត្ថបទប្រែសម្រួលពីគេហទំព័របរទេស ក្នុងគោលបំណងចែករំលែក និងដាស់តឿនជូនប្រិយមិត្តអ្នកអាន រាល់ចម្ងល់ ឬរាល់ការពិភាក្សា លោក លោកស្រី គួរគប្បីទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យឬអ្នកជំនាញ៕

អត្ថបទ៖ លីនី
ប្រភព៖ parents

Share This Post: