ព័ត៌មានជាតិ

ផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្រោយអ្នកបង្កើតមាតិកាល្បីម្នាក់ យកស្គរសម្ភោរទៅច្នៃប្រើដាក់កែវទឹកទៅវិញ

BY
Naren
January 27, 2023
ផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្រោយអ្នកបង្កើតមាតិកាល្បីម្នាក់ យកស្គរសម្ភោរទៅច្នៃប្រើដាក់កែវទឹកទៅវិញ

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពបង្ហាញនូវអ្នកបង្កើតមាតិកាម្នាក់ជាស្ថាបនិកគេហទំព័រហ្វេសបុក Think with PingAnn បានយកស្គរសម្ភោរទៅច្នៃប្រើឧបករណ៍ភ្លេងបុរាណខ្មែរសម្រាប់ដាក់កែវទឹក នៅក្នុងវីដេអូថ្មីរបស់ខ្លួន។ មហាជននៅលើបណ្តាញសង្គមបានធ្វើការរិះគន់ចំពោះការយកឧបករណ៍ភ្លេងបុរាណខ្មែរ មកដាក់ប្រើបែបនេះ។

យោងតាមទំព័រហ្វេសប៊ុក បុរាណាចារ្យ បានប្រតិកម្មយ៉ាងដូច្នេះថា «រឿងសម្ភោរ នេះឃើញកើតឡើងច្រើនដងដែរ ដោយសារតែបងប្អូនប្រជាជនខ្មែរយើងគាត់អត់បានយល់ អត់បានស្គាល់ពីឧបករណ៍នេះ។ នៅក្នុងវង់ភ្លេងបុរាណខ្មែរយើង សម្ភារជាឧបករណ៍សំខាន់បំផុតមួយ ដោយដើរតួនាទីជាអ្នកកំណត់ចង្វាក់ពេលចាប់ផ្តើមប្រគុំម្ដងៗ ។ សម្ភោរកំណត់អោយចង្វាក់១ជាន់ ២ជាន់ ៣ជាន់ ឬដល់បទនានាទៀត និងជាមេជាបរមគ្រូធំ ក្នុងការសក្ការៈឧទ្ទិសដល់គ្រូធំទាំងឡាយ។ មុននឹងលេងសម្ភោរ អ្នកទះត្រូវតែគោរពបូជាសម្ភោរ ម៉្យាងអ្នកលេងសម្ភោរ ត្រូវតែជាអ្នកមាន ចរិតសមរម្យ ថ្លៃថ្នូរ អង្គុយបត់ជើងត្រឹមត្រូវតាមប្រពៃណីខ្មែរ»។

ចំណែកទំព័រហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ ក៏បានប្រតិកម្មថា «សូមអធ្យាស្រ័យពីម្ចាស់រូបទាំងពីរ តែចង់សួរថារូបក្នុងរង្វង់នេះ ជាឧបករណ៍ភ្លេងបុរាណខ្មែរ មែនទេ? ប្រសិនបើជាការពិត ស្នើសុំជួយផ្ដល់តម្លៃដល់វត្ថុសិល្បៈបុរាណរបស់ជាតិ កុំយកទៅច្នៃប្រើសម្រាប់ដាក់កែវទឹកដូច្នេះ ព្រោះតម្លៃឧបករណ៍ភ្លេងបុរាណខ្មែរ មានតម្លៃខ្ពស់ណាស់។ សូមបញ្ជាក់ថា សម្ភោរ គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ នៅក្នុងជំនឿរបស់គ្រូភ្លេងបុរាណ សម្ភោរ ត្រូវបានគេគោរពខ្លាំងណាស់ គេហៅថាគ្រូចង្វាក់ ឬមេចង្វាក់ ហើយពេលលេងភ្លេងម្ដងៗសម្ភោរតែងនាំមុខគេជានិច្ច ហើយបើពេលមានកម្មវិធីសំពះគ្រូរបាំធំៗ សិស្សរបាំ គ្រូរបាំ តែងនាំគ្នាទៅធុជធូបលើសម្ភោរ ឬរៀបចំបាយសី ក្រាលក្រណាត់ស នៅពីមុខសម្ភោរជាដើម ពេលគ្រូៗភ្លេងលេងបទសាធុការ គឺគេវៃសម្ភោរនាំមុខមុនគេ ទើបគេចាប់ផ្ដើមលេងឧបករណ៍ផ្សេងៗតាមក្រោយ ។ កាលពីដើមតាមការសាកសួរលោកគ្រូភ្លេងចាស់ៗ គេមានតំណមណាស់ មិនអោយសិស្សណាម្នាក់ប្រមាថឧបករណ៍ណាមួយឬដើរកន្លងឬលោតកន្លងលើឧបករណ៍នោះទេ វាទៅជាឈឺនេះឈឺនោះជាដើម »។

ក្រោយពីរងការរិះគន់អ្នកបង្កើតមាតិការូបនេះ ក៏បានសុំការអធ្យាស្រ័យចំពោះកំហុស យ៉ាងដូច្នេះថា «អរគុណចំពោះបងៗដែលបានពន្យល់និងណែនាំបែបស្ថាបនា។ សុំអធ្យាស្រ័យចំពោះកំហុស។ ខ្ញុំនិងក្រុមការងារពុំមានចេតនាមិនល្អអ្វីឡើយ។ ពួកយើងនឹងព្យាយាមធ្វើឱ្យប្រសើរជាងនេះចំពោះលើកក្រោយ»៕

Share This Post: