ព័ត៌មានជាតិ

ជើងហោះហើរមកពីប្រទេសចិន ចាប់ផ្តើមត្រឡប់មកខេត្តព្រះសីហនុឡើងវិញ ជាមួយភ្ញៀវទេសចរជាង ១០០នាក់

BY
Khmerpress
January 27, 2023
ជើងហោះហើរមកពីប្រទេសចិន ចាប់ផ្តើមត្រឡប់មកខេត្តព្រះសីហនុឡើងវិញ ជាមួយភ្ញៀវទេសចរជាង ១០០នាក់

(ព្រះសីហនុ)៖ បន្ទាប់ពីរដ្ឋាភិបាលចិន អនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប១២០នាក់។

អ្នកដំណើរ និងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី។ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។

ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។

លោកបានបន្តថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។

លោក ហោ សារុន បានបន្តទៀតថា «បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត»។

គួរជម្រាបថា ចាប់តាំងពីប្រទេសចិនបានកែលម្អវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរឡើងវិញនោះមក រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើរទៅក្រៅប្រទេសបានឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ កន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: