សិល្បៈ

ម្ចាស់បទ “សម្រែកបេះដូង” ដឹកដៃកូនស្រីសំណព្វចិត្ត ចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

BY
Liny Chan
March 4, 2023
ម្ចាស់បទ “សម្រែកបេះដូង” ដឹកដៃកូនស្រីសំណព្វចិត្ត ចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នាថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាចម្រៀង ខាន់ ជេមស៌ បានដឹកដៃកូនស្រីបង្កើត គឺកញ្ញា Amie ចុះកុងត្រាចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ។

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានកិត្តិយស និងរីករាយដែលបានចូលរួមជាមួយគ្រួសាររបស់ Galaxy Navatra ។ ខ្ញុំជឿជាក់ និងបំផុសគំនិតដោយអ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលជាកម្លាំងចលករនៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីនេះ។ តាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គាត់បាននាំមកនូវការរីកចម្រើនថ្មីមួយដល់ឧស្សាហកម្មតន្ត្រីកម្ពុជា”។

លោក ខាន់ ជេមស៌ និយាយបន្ថែមដោយក្ដីរំភើបថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកទីនេះក្នុងក្រុមហ៊ុនថ្ងៃនេះ រួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា សិរីមន្ត Kem, Seyma និងសិល្បករ សិល្បការិនីដ៏មានទេពកោសល្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើបដិវត្តន៍ឧស្សាហកម្មតន្ត្រីដោយរក្សាវប្បធម៌ខ្មែររបស់យើងឱ្យនៅគង់វង្ស ទាំងប្រពៃណី និង សហសម័យ ដើម្បីបន្តផ្តល់ការកម្សាន្តដល់ប្រជាជនកម្ពុជាយើង”។

លើសពីនេះទៀត ម្ចាស់បទបុប្ផាក្រពុំ៏ បានរំលឹកពីអតីតកលារបស់ខ្លួនដោយលើកឡើងថា៖ “ថ្ងៃនេះជាថ្ងៃដ៏សំខាន់មួយក្នុងអាជីពចម្រៀងរបស់ខ្ញុំ ព្រោះថាវាដូចទៅនឹងកាលពី 10 ឆ្នាំមុនដែរ ដែលភាពក្មេងខ្ចី និងស្វាហាប់របស់ខ្ញុំក្នុងការច្រៀង និងសម្តែងជាជនជាតិខ្មែរ។ ហើយខ្ញុំពិតជាមានអំណរគុណយ៉ាងក្រៃលែងសម្រាប់ឱកាសផ្តល់ឱ្យកូនស្រីរបស់ខ្ញុំ តារាវ័យក្មេង Amie នូវឱកាសដើម្បីចាប់ផ្តើមអាជីពតន្ត្រីរបស់នាងឱ្យល្អបំផុត ដោយចូលរួមជាមួយ Galaxy Navatra ។”

ដោយឡែក តារាចម្រៀងវ័យក្មេង កំពុងច្បាមប្រជាប្រិយភាពពីអ្នកគាំទ្រ កញ្ញា Amie បង្ហាញចំណាប់អារម្មណ៍ថា៖ “កញ្ញា ពិតជាមាន កិត្តិយសណាស់ដែលទទួលបានឱកាសមាស បង្ហាញសមត្ថភាព និងទេពកោសល្យរបស់នាងខ្ញុំ ក្នុងផលិតកម្ម Galaxy Navatra។”

តំណាងផលិតកម្ម Galaxy Navatra បានសង្កត់ធ្ងន់ថា៖ “លោក ខាត់ ជេមស៍ និងកញ្ញា អេមមី នឹងក្លាយទៅជាតួអង្គសំខាន់ និងថ្មីបន្ថែមទៀតក្នុងចំណោមកំពូលតារាចម្រៀង អ្នកនិពន្ធ ផលិតករ និងបុគ្គលិកទាំងអស់របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មកាន់តែទទួលបានភាពជោគជ័យ និងទទួលបានការគាំទ្រស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រ សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ”។

គួរបញ្ជាក់ថា ក្រៅពីកម្មវិធីចុះកិច្ចព្រមព្រាង ជាមួយតារាចម្រៀង ខាន់ ជេមស៌ និងកូនស្រីរបស់លោក កញ្ញា អេមមី នាថ្ងៃជាមួយគ្នានេះដែរ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បន្តចុះ MOU ជាមួយកូនប្រុស លោកឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ ដែលជាតារាចម្រៀងវ័យក្មេង ពោពេញដោយដុងសិល្បផងដែរ។

Share This Post: