សិល្បៈ

ក្រោយផលិតរឿង «សំណើច652km» ខាតអស់៨ម៉ឺនដុល្លារ ផលិតកម្មមួយនេះប្រកាសបិទទ្វារ

BY
Naren
March 14, 2023
ក្រោយផលិតរឿង «សំណើច652km» ខាតអស់៨ម៉ឺនដុល្លារ ផលិតកម្មមួយនេះប្រកាសបិទទ្វារ

(ភ្នំពេញ)៖ ផលិតកម្មក្រុងពិជ័យ បានប្រកាសបិទទ្វារក្រោយវណ្ណកម្មដំបូងរបស់ខ្លួនរកចំណូលមិនស្មើនឹងចំណាយ។ យោងតាមការបង្ហោះរបស់ លោក ចាន់ណា រ៉ូណាន ជា​អ្នក​គ្រប់គ្រង​ទូទៅ​​នៃ​ផលិតកម្ម​​​ក្រុង​​ពិជ័យ​ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រឿង «សំណើច652km» ជាស្នាដៃទីមួយ និងជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ក៏ព្រោះតែចៅហ្វាងផលិតកម្មសម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត ក្រោយរឿង «សំណើច652km» ដែលផលិតអស់១២ម៉ឺនដុល្លារ រកចំណូលឱ្យផលិតកម្មបានត្រឹម៤ម៉ឺនដុល្លារ ខាតអស់៨ម៉ឺនដុល្លារ។

លោក ចាន់ណា រ៉ូណាន បានឱ្យដឹងថា ៖«បិទផលិតកម្ម នេះជារឿងទីមួយ ហើយជារឿងចុងក្រោយរបស់ផលិតកម្មក្រុងពិជ័យ ដោយបងប្រុសចាងហ្វាងគាត់សម្រេចចិត្តមិនចង់រកស៊ីជាមួយវិស័យផលិតភាពយន្តខ្មែរបន្តទៀត។ ខ្សែភាពយន្តមួយនេះផលិតអស់១២ម៉ឺនដុល្លា កាលពីចុងឆ្នាំ២០១៩ ហើយក៏មានបញ្ហាផ្ទុះកូវីត រហូតមកដល់ឆ្នាំ២០២៣ ទើបបានចាក់បញ្ចាំង។ ការចាក់បញ្ចាំងរឿងក្នុងសម័យក្រោយកូវីត ចំណូលដែលរកបានមកវិញជាង ៨ម៉ឺនដុល្លារ បន្ទាប់ពីកាត់ជូនរដ្ឋ និងចែកពាក់កណ្តាលជាមួយរោងកុន ខាងផលិតកម្មទទួលបានប្រាក់ជាង ៤ម៉ឺនដុល្លា ខាត៨ម៉ឺនដុល្លារ»។

ជាមួយគ្នានេះផងដែរលោក ចាន់ណា រ៉ូណាន ក៏បានឱ្យដឹងទៀតថា ៖ «សម្រាប់ខ្ញុំអាចទទួលដឹកនាំរឿង Freelance ឬគួរតែឈប់ផលិត តែក៏សូមអរគុណបងប្អូន ដែលគាំទ្រស្នាដៃផលិតភាពយន្តខ្នាតធំរបស់ខ្ញុំកន្លងមក។ អ្នកដឹកនាំរឿងចាន់ណា_ចំណាន_ហៅរ៉ូណាន #រឿងសំណើច652km»៕

Share This Post: