ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃព្យាករណ៍ថា​ សីតុណ្ហភាពក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវក្តៅជាងឆ្នាំមុន ១អង្សាសេបន្ថែមទៀត ខណៈតំបន់ខ្លះរលកកម្តៅអាចកើនឡើងដល់ ៤៣អង្សាសេ

BY
Khmerpress
March 25, 2023
អាជ្ញាធរថៃព្យាករណ៍ថា​ សីតុណ្ហភាពក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវក្តៅជាងឆ្នាំមុន ១អង្សាសេបន្ថែមទៀត ខណៈតំបន់ខ្លះរលកកម្តៅអាចកើនឡើងដល់ ៤៣អង្សាសេ

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថា រលកកម្តៅជាមធ្យមនៅក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងកម្រិតសីតុណ្ហភាពដែលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំកន្លងទៅ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ទី២៥ ខែមីនានេះ។ បើតាមអាជ្ញាធរឧតុនិយមថៃបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះទីក្រុងបាងកកអាចប្រឈមនឹងសីតុណ្ណភាពអតិបរមារហូតដល់ ៣៨,៥ អង្សាសេ ខណៈសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួនវិញអាចកើនឡើងខ្ពស់បំផុតរហូតដល់កម្រិត ៤១,៥ អង្សាសេ។

បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋានឧតុនិយមថៃបានលើកឡើងថា នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនឹងត្រូវក្តៅជាងឆ្នាំមុននៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈតំបន់មួយចំនួនអាចនឹងត្រូវប្រឈមជាមួយរលកកម្តៅក្នុងកម្រិតផ្សេងគ្នា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការព្យាករណ៍​បានបង្ហាញថា ក្នុងរដូវឆ្នាំ ២០២៣ នេះ ទីក្រុងបាងកកអាចប្រឈមនឹងរលកកម្តៅខ្ពស់បំផុតក្នុងកម្រិតរហូតដល់ ៣៩ អង្សាសេ ខណៈនៅតាមបណ្តាខេត្តវិញគឺសីតុណ្ហភាពអាចកើនឡើងរហូតដល់កម្រិត ៤៣ អង្សាសេឯណោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: