ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃម្នាក់តែងផ្តល់ការម៉ាស្សាដោយមិនគិតថ្លៃដល់ពលរដ្ឋដែលទៅដាក់ពាក្យបណ្តឹង ព្រោះហេតុផលគួរឲ្យគោរពមួយនេះ

BY
Khmerpress
March 28, 2023
ប៉ូលិសថៃម្នាក់តែងផ្តល់ការម៉ាស្សាដោយមិនគិតថ្លៃដល់ពលរដ្ឋដែលទៅដាក់ពាក្យបណ្តឹង ព្រោះហេតុផលគួរឲ្យគោរពមួយនេះ

ថៃ៖ ស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុង​ប្រទេសថៃត្រូវបានគេប្រទះឃើញមានការផ្តល់សេវាម៉ាស្សាដោយមិនគិតថ្លៃ ដើម្បីជួយស​ម្រួលឲ្យប្រជាពលរដ្ឋដែលត្រូវមកដាក់ពាក្យបណ្តឹងមានអារម្មណ៍ស្រស់ថ្លានិងបាត់ស្រេ្តស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ស្ថានីយ៍ប៉ូលិសដែលមានការផ្តល់ជូនពិសេសនេះ គឺស្ថានីយ៍ប៉ូលិស Nong Trud ដែលស្ថិតនៅក្នុងស្រុក Muang ខេត្ត Trang ភាគខាងលិចប្រទេសថៃ។

ការផ្តល់ជូនសេវាម៉ាស្សាដោយមិនគិតថ្លៃខាងលើនេះមិនមែនជាគោលការណ៍របស់អាជ្ញាធរឡើយ តែវាគឺជាផ្តល់ជូនដោយស័្មគ្រចិត្តពីសំណាក់លោកអនុសេនីយ៍ឯក Pakronkrit Thongsu ដែលជាប៉ូលិសប្រចាំនៅតុការិយាល័យជួរមុខនៃស្ថានីយ៍ប៉ូលិស Nong Trud។  អនុសេនីយ៍ឯករូបនេះបានឲ្យដឹងថា ក្រៅតែពីមានការងារជាប៉ូលិសហើយគឺរូបគាត់ជាគ្រូបណ្តុះបណ្តាលផ្នែកម៉ាស្សាយ៉ាងស្ទាត់ជំនាញម្នាក់ ហើយនាពេលកន្លងមករូបលោកធ្លាប់បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមនៅតាមសាលាជាច្រើននៅទូទាំងប្រទេសថៃផងដែរ។

លោកប៉ូលិសវ័យ ៥៨ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលគាត់សម្រេចផ្តល់ការម៉ាស្សាជូនពលរដ្ឋដោយមិនគិតថ្លៃដូចនេះ គឺដោយសារតែគាត់បានសង្កេតឃើញថា ក្រុមពលរដ្ឋដែលបានមកដល់ស្ថានីយ៍ប៉ូលិសទាំងអស់នោះតែងមានអារម្មណ៍តានតឹង មួរមៅ និងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំង ហើយក្រោយពេលរូបលោកបានផ្តល់ការម៉ាស្សាទៅកាន់ពួកគេរួច គឺពួកគេអាចត្រលប់មកមានអារម្មណ៍ធូរស្រាល និងមានការអត់ធ្មត់ខ្ពស់ជាងមុន។ សម្រាប់លោក Pakronkrit Thongsu បានយល់ឃើញថា ការផ្តល់ការម៉ាស្សានេះ គឺជាផ្នែកមួយដែលអាចជួយសម្រួលដល់បញ្ហាផ្លូវអារម្មណ៍របស់ពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព ហើយរូបលោកពេញចិត្តក្នុងការផ្តល់ជូនសេវានេះដោយមិនគិតថ្លៃអ្វីទាល់តែសោះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: