ព័ត៌មានជាតិ

អាជ្ញាធរ បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន ដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់, នៅដើមខែឧសភា ការផ្គត់ផ្គង់ទឹកប្រើប្រាស់អាចបំពេញតាមតម្រូវការបានជិត១០០ភាគរយ

BY
Naren
March 28, 2023
អាជ្ញាធរ បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន ដែលប្រឈមការខ្វះខាតទឹកប្រើប្រាស់, នៅដើមខែឧសភា ការផ្គត់ផ្គង់ទឹកប្រើប្រាស់អាចបំពេញតាមតម្រូវការបានជិត១០០ភាគរយ

(ភ្នំពេញ)៖ ក្នុងរយៈពេលបច្ចុប្បន្ននេះ និងរហូតដល់ដើមខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅតាមសង្កាត់មួយចំនួន ជាពិសេសនៅជាយរាជធានីភ្នំពេញ នឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ដោយសារស្ថានីយផលិតទឹក ស្អាតផ្គត់ផ្គង់មិនទាន់តម្រូវការទាំងស្រុងទាំងនៅភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ប្រឈមនឹងបញ្ហាជាក់ស្តែងនេះ និងដើម្បីដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ, អាជ្ញាធរនៅតាមខណ្ឌ ចាប់ផ្តើមបើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។

រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅតាមមូលដ្ឋានមួយចំនួនក្នុងខណ្ឌព្រែកព្នៅ, លោក ធឹម សំអាន អភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ បានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះទឹកប្រើប្រាស់ ស្ថិតនៅក្នុងសង្កាត់គោករកា។

បើតាមលោកអភិបាលខណ្ឌ, មូលហេតុដែលប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះ គឺដោយសារតែអង្គភាពរដ្ឋាករស្វយ័តក្រុងភ្នំពេញ កំពុងតបណ្តាញថ្មី សម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋ មករស់នៅច្រើន ស្របរដូវប្រាំងផងដែរ ជាហេតុអាចខ្វះខាតទឹកស្អាតប្រើប្រាស់។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានណែនាំឱ្យមានការដឹកជញ្ជូនទឹកស្អាត ចែកជូនប្រជាពលរដ្ឋ គឺធ្វើឡើងចាប់ពីព្រឹកព្រលឹម រហូតគ្រប់លំនៅឋានប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់។

ដោយឡែកអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ, អាជ្ញាធរសង្កាត់ចោមចៅទី៣, សង្កាត់សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ក៏បានសហការជាមួយសាលារាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់ផ្គតផ្គង់ទឹកជូនប្រជាពលរដ្ឋ នៅក្នុងភូមិ និងសហគមន៍មួយចំនួន ដែលកំពុងជួបបញ្ហាដាច់ទឹកនារដូវប្រាំងនេះផងដែរ។

មន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពេលនេះមានភូមិ និងសហគមន៍មួយចំនួនកំពុងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយបើកអត់ចេញទាំងយប់ ទាំងថ្ងៃតែម្ដង។ ចំណែកឯភូមិ និងសហគមន៍ជាច្រើនទៀតពេលថ្ងៃបើកអត់ចេញ ប៉ុន្តែយប់ឡើងមានទឹកអាចបើកស្តុកទុកក្នុងអាងដើម្បីប្រើប្រាស់បានជាធម្មតា។

មន្រ្តីបានប្រាប់ទៀតថា សម្រាប់ខណ្ឌពោធិ៍សែនជ័យ, សង្កាត់ដែលកំពុងជួបបញ្ហាដាច់ទឹកនោះរួមមាន៖ សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង។

លោកថា «អាជ្ញាធរខណ្ឌ រួមជាមួយអាជ្ញាធរសង្កាត់ទាំង៣ខាងលើ បានសហការជាមួយសាលារាជធានីភ្នំពេញ ដឹកទឹកយកទៅស្តុកនៅតាមភូមិសម្រាប់ឱ្យប្រជាពលរដ្ឋតាមភូមិ ដែលខ្វះទឹកបង្ហូរយកទៅប្រើប្រាស់រាល់ថ្ងៃហើយដែរ។ ក្នុងនោះសង្កាត់ត្រពាំងក្រសាំងមាន៦សហគមន៍, សង្កាត់ចោមចៅទី៣ មាន៣ភូមិ គឺភូមិព្រៃព្រីង១ ភូមិត្រពាំងពោធិ៍ និងភូមិព្រៃទា, រីឯសង្កាត់សំរោងក្រោមមាន ២ភូមិ គឺភូមិព្រៃពពេល និងភូមិអណ្ដូងតាអន»។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានប្រាប់ថា ភូមិចំនួន៣ របស់សង្កាត់ចោមចៅទី៣ បានដាច់ទឹក គ្មានទឹកប្រើប្រាស់រយៈពេល១អាទិត្យកន្លងមកហើយ គឺបើកអត់ចេញទាំងស្រុងទាំងយប់ទាំងថ្ងៃតែម្ដង។ ចំណែកភូមិចំនួន ១១ទៀត ពេលយប់ទឹកចេញអាចបើកបើកស្តុកទុកក្នុងអាង ឬធុងផ្សេង សម្រាប់ប្រើប្រាស់បានជាធម្មតាមិនអីឡើយ។

លោក ហៃ សុឃីម ចៅសង្កាត់សំរោងក្រោម បានបញ្ជាក់ថា នៅក្នុងសង្កាត់របស់លោកមានភូមិចំនួន២ ដែលកំពុងប្រឈមការខ្វះទឹកប្រើប្រាស់ដោយបើកអត់ចេញសោះតែម្ដង ក្រៅពីនេះភូមិចំនួន៩ទៀត អាចបើកប្រើនៅពេល យប់បាន។ ក្រោយពីជួបបញ្ហានេះ ក្រុមការងារសង្កាត់ បានដាក់ស៊ីទែនស្តុកទឹកនៅក្នុងភូមិទាំង២ សម្រាប់ស្តុកទឹកចែកជូនប្រជាពលរដ្ឋបង្ហូរយកទៅប្រើប្រាស់រួចរាល់ហើយ។

សូមជម្រាបថា ​​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​​បានសុំការយោគយល់​ និងអធ្យាស្រ័យពីអតិថិជន ដែលខ្លះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំ សំចៃទឹកស្អាត ​ដោយសារតម្រូវទឹកនៅឆ្នាំ២០២៣ បានកើនឡើងដល់ជិត ៩០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន ប្រមាណតែ៦៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹក​ប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់​ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក, ៦សង្កាត់នៃខណ្ឌសែនសុខ, សង្កាត់គោករការ, សង្កាត់ក្រាំងធ្នង់, សង្កាត់សម្រោងក្រោម, សង្កាត់ស្ទោ, សង្កាត់ភ្លើងឆេះរទេះ, សង្កាត់ពងទឹក, សង្កាត់កន្ទោក, សង្កាត់កំបូល,សង្កាត់ចោមចៅ១, សង្កាត់ចោមចៅ២, និងសង្កាត់ចោមចៅ៣, សង្កាត់កាកាប១, និងសង្កាត់កាកាប២, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ជើងឯក, សង្កាត់ស្ទឹងមានជ័យ១,សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣, សង្កាត់ព្រែកកំពឹស, សង្កាត់ព្រែកហូរ, សង្កាត់ស្វាយរលំ, សង្កាត់ព្រែកថ្មី, សង្កាត់ក្បាលកោះ។

បើតាម​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅឆ្នាំ២០២៣នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ៦៤ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅដើមខែឧសភា ការផ្គត់ផ្គង់ទឹកស្អាតនឹងមាន២០ម៉ែត្រគូបទៀត លុះដល់ដើមឆ្នាំ២០២៤ ការផ្គត់ផ្គង់ទឹកស្អាតនឹងមាន២០ម៉ឺនម៉ែត្រគូបទៀត ដូច្នោះការប្រើប្រាស់ទឹកលែងមានបញ្ហាទៀតហើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: