ព័ត៌មានជាតិ

កីឡាករអ៊ុយក្រែន Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់ហ្វឹកហាត់គុនខ្មែរ

BY
Naren
March 28, 2023
កីឡាករអ៊ុយក្រែន Luca ថាស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង ថែមទាំងចង់ហ្វឹកហាត់គុនខ្មែរ

(ភ្នំពេញ)៖ កីឡាករអ៊ុយក្រែន Luca ដែលទើបនឹងចាញ់ការប្រកួតជាមួយកីឡាករ ម៉ឺន មេឃា មិនទាន់ចាកចេញពីកម្ពុជាទេ ហើយនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឧកញ៉ា ស្រី ចាន់ថន ក៏បានទទួលជួបជាមួយកីឡាករអ៊ុយក្រែនរូបនេះជាការលើកទឹកចិត្ត។

ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះ ចង់ហាត់ គុនខ្មែរ ហើយក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។ ដូច្នេះលោករៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូន និងបានឧត្ថម្ភជាថវិកាមួយចំនួនផងដែរ។

លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ «ថ្ងៃនេះខ្ញុំបានជួបជាមួយកីឡាករសញ្ជាតិអ៊ុយក្រែននៅការិយាល័យរបស់ខ្ញុំ។ កីឡាករសញ្ជាតិអ៊ុយក្រែនមានទឹកមុខសុភាពរាបសារខ្លាំងណាស់។ បងប្អូនខ្មែរយើងមានការគោរពនិងស្រលាញ់គាត់យ៉ាងខ្លាំង ហើយគាត់បាននិយាយថាគាត់ក៏ស្រលាញ់បងប្អូនខ្មែរ និងប្រទេសកម្ពុជាជាខ្លាំង។ គាត់បាននិយាយថាគាត់ចង់ហាត់គុនខ្មែរ ហើយគាត់ក៏ចង់ទៅសិក្សារៀនសូត្រអំពីគុនខ្មែរនៅសៀមរាបផងដែរ។

ក្រោយពេលខ្ញុំបានឮបែបនេះ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់ និងបានឧត្ថម្ភជាថវិកាមួយចំនួន និងអាវយឺតគុនខ្មែរមួយ ដើម្បីជាការលើកទឹកចិត្ត ។

ខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំខិតខំធ្វើនេះនឹងអាចលើកតម្កើងគុនខ្មែរទៅដល់កម្រិតមួយទៀតនៅពេលអនាគត។ អរគុណបងប្អូនសម្រាប់គាំទ្រគុនខ្មែរ ក៏ដូចជាគាំទ្រខ្ញុំផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន»៕

Share This Post: