បច្ចេកវិទ្យា

Apple គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកអាជីវកម្មលក់រាយ ប៉ុន្តែមានលក្ខខណ្ឌ

BY
Naren
April 5, 2023
Apple គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកអាជីវកម្មលក់រាយ ប៉ុន្តែមានលក្ខខណ្ឌ

(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា Apple គ្រោងកាត់បន្ថយបុគ្គលិកនៅក្នុងផ្នែកលក់រាយមួយចំនួនដែលស្ថិតនៅក្នុងក្រុមគ្រប់គ្រងការផលិត និងតំហែទាំទីតាំងលក់រាយរបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

វាមិនច្បាស់ទេថាតើមុខតំណែងប៉ុន្មានដែល Apple នឹងដកចេញនោះទេ ប៉ុន្តែតាមរយៈសារព័ត៌មាន Bloomberg បាននិយាយថាការកាត់បន្ថយនេះគឺ «ទំនងជាតិចតួចណាស់»។ នេះជាលើកទី១ ដែលទទួលបានរបាយការណ៍ថា Apple នឹងកាត់បន្ថយបុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបានបញ្ឈប់បុគ្គលិកស្ទើតែពាក់កណ្តាលក្រុមហ៊ុនរួចទៅហើយ។

ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Apple ធ្លាប់បានបញ្ឈប់ម្តងដែលជាបុគ្គលិកម៉ៅការសំណង់រហូតដល់ ១០០ នាក់ឯណោះ ដែលមានតួនាទីគ្រប់គ្រងការជ្រើសរើសបុគ្គលិកសំណង់ ប៉ុន្តែពួកគេមិនមែនជាបុគ្គលិកពេញម៉ោងទេ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានប្រាប់និយោជិតថា «ទាំងនេះមិនមែនជាការបញ្ឈប់ការងារទេ ប៉ុន្តែជាការសម្រួល ហើយការផ្លាស់ប្តូរនេះគឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការថែរក្សាហាងនៅទូទាំងពិភពលោក»។ បន្ថែមពីនេះទៅទៀតសម្រាប់អ្នកដែលត្រូវបានកាត់បន្ថយមានជម្រើសក្នុងការដាក់ពាក្យម្តងទៀតសម្រាប់មុខតំណែងដែលស្រដៀងនឹងការងារពីមុនរបស់ពួកគេ ហើយអ្នកដែលមិនបានទទួលតួនាទីថ្មីអាចទទួលបានប្រាក់បញ្ចប់អាទិភាពកាងារខែរហូតដល់ ៤ ខែឯណោះ។

គួរជម្រាបដែរថា គម្រោងបញ្ឈប់បុគ្គលិករបស់ Apple នេះមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននោះទេ តែបើតាមរបាយការណ៍អាចនឹងមិនប៉ះពាល់បុគ្គលិកច្រើនឡើយបើធៀបទៅនឹងក្រុមហ៊ុនអាមេរិកផ្សេងទៀតដូចជា Twitter ដែលបានបញ្ឈប់រាប់ពាន់នាក់បន្ទាប់ពីការកាន់កាប់ដោយ Elon Musk ហើយកាលពីខែមុន Facebook បានប្រកាសថានឹងបញ្ឈប់បុគ្គលិកបន្ថែមទៀតប្រហែល ១០,០០០ នាក់ឯណោះ។ ខណៈ ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google វិញបានបញ្ឈប់បុគ្គលិករហូត ១២,០០០ នាក់គិតត្រឹមតែនៅក្នុងខែមករាប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: