សិល្បៈ

តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ

BY
Khmerpress
May 22, 2023
តារារ៉េបកម្ពុជា វណ្ណដា កាន់តែល្បីសុះសាយ ខណៈទស្សនាវដ្តីអាមេរិក Forbes ទើបតែរាប់ចូលក្នុងបញ្ជីតារាល្បី និងមានឥទ្ធិពលបំផុតនៅអាស៊ី ក្រោមអាយុ៣០ឆ្នាំ

(បរទេស)៖ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ក៏កំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ ខណៈថ្មីៗនេះទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes បានរាប់បញ្ចូលរូបលោក ទៅក្នុងបញ្ជីយុវជនមានឥទ្ធិពលបំផុតទាំង៣០នាក់ មានអាយុក្រោមអាយុ៣០ឆ្នាំ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬហៅថា «FORBES 30 UNDER 30 ASIA 2023»។ នេះបើតាមការចុះផ្សាយចេញពីគេហទំព័ Forbes ផ្ទាល់ចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ។

Forbes ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាទស្សនាវដ្តីដ៏ល្បីមួយ សម្រាប់កត់ត្រាបញ្ជីចំណាត់នានា ក្នុងនោះរួមមានបញ្ជីមហាសេដ្ឋីមានប្រាក់ច្រើនបំផុត នៅលើពិភពលោក, បញ្ជីក្រុមហ៊ុនកំពូលក្នុងពិភពលោក រួមទាំងបញ្ជីនៃអ្នកមានអំណាចបំផុត របស់ពិភពលោកជាដើម។ យ៉ាងអ្វីដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជា មានមោទនភាពបំផុតនោះ គឺប្រជាប្រិយភាពឆ្លងទ្វីបរបស់តារារ៉េប វណ្ណដា បានធ្វើឲ្យទស្សនាវដ្តីដ៏ល្បីរបស់ពិភពលោកមួយនេះ មិនអាចមើលរំលងបានឡើយ រហូតកត់ត្រាតារារ៉េបម្ចាស់បទ «Time To Rise» រូបនេះ ចូលក្នុងបញ្ជីយុវជនអាយុក្រោមអាយុ៣០ឆ្នាំ ដែលមានឥទ្ធិពលបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង ហើយនេះក៏ត្រូវបានគេចាត់ទុកថា ជារឿងកម្រសម្រាប់អ្នកសិល្បៈក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមការចុះផ្សាយ Forbes បានពិព័ណនាទៀតថា វណ្ណដា គឺជាតារាចម្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស។ រូបគេបានប្រើប្រើប្រាស់ឧបករណ៍ភ្លេង បុរាណខ្មែរ និងបានលើកតម្កើងសិល្បករជើងចាស់ ឲ្យមានភាពល្បីល្បាញក្នុងតំបន់ ដូចជាប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុមទីពីររបស់គឺ Skull 2 (Season 1) កាលពីខែមិថុនា ២០២២។ បទចម្រៀងដ៏មានសក្ដានុពលបំផុត គឺបទ «Time to Rise» ដែលមានការចូលរួមពីព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ ក្នុងចំណោមតន្ត្រីករដែលនៅរស់រានមានជីវិត ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនោះ មានចំនួនចូលទស្សនាក្នុងយូធូប ១០០លានដង ខណៈថ្មីៗនេះចំនួនបានកើនឡើងដល់ទៅជាង ១,០០០លានដងទៅហើយ។

បន្ទាប់ពីលោកចុះកុងត្រាជាមួយផលិតកម្ម Baramey Production ក្នុងឆ្នាំ២០១៩ មិនយូរប៉ុន្មានឆ្នាំចុងក្រោយនេះ VannDa ក៏បានឈានទៅបន្តទៅធ្វើសហប្រតិបត្តិការឆ្លងប្រទេសទៀត ជាមួយតារារ៉េបថៃ OG Bobby និង F.HERO៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: