ព័ត៌មានអន្តរជាតិ

ការនាំចេញនិងទិន្នផលឧស្សាហកម្មរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងធ្លាក់ចុះ

BY
Naren
May 31, 2023
ការនាំចេញនិងទិន្នផលឧស្សាហកម្មរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងធ្លាក់ចុះ

(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃចន្ទថា ការនាំចេញរបស់វៀតណាមក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១១,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកត្រឹម ១៣៦,៧ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមថា ទិន្នផលឧស្សាហកម្មក្នុងអំឡុងខែមករាដល់ខែឧសភានេះក៏បានធ្លាក់ចុះ ២ភាគរយផងដែរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះបានបន្ថែមថា តម្លៃទំនិញប្រើប្រាស់ជាមធ្យមនៅក្នុងរយៈពេលនេះបានកើនឡើង ៣,៥៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យចុងក្រោយបង្អស់នេះបានគូសបញ្ជាក់ពីការថមថយកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់មួយ ដោយសារតែតម្រូវការសកលធ្លាក់ចុះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការិយាល័យ GSO បានឱ្យដឹងថា ការនាំចូលក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ១៧,៩ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹម ១២៦,៣៧ពាន់លានដុល្លារដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៩,៨ពាន់លានដុល្លារ។

ការធ្លាក់ចុះការនាំចូលយ៉ាងខ្លាំងនេះអាចបង្ហាញពីការធ្លាក់ចុះផលិតកម្មឧស្សាហកម្មបន្ថែមទៀតនៅពេលខាងមុខដោយសារអាជីវកម្មកាត់បន្ថយការទិញវត្ថុធាតុដើម និងឧបករណ៍។ វៀតណាមគឺជាប្រទេសនាំចេញដ៏សំខាន់នូវគ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង និងរបស់របរធ្វើពីឈើ រួមទាំងទំនិញម៉ាកល្បីៗលំដាប់ពិភពលោកផងដែរ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញខៃ (Le Minh Khai) កាលពីដើមខែឧសភា បាននិយាយថា សេដ្ឋកិច្ចវៀតណាមនឹងប្រឈមលក្ខខណ្ឌខាងក្រៅមិនអំណោយផលក្នុងកំឡុងឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: