សង្គម

លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ ដោយសារពិបាកក្នុងការរកដៃគូសហការឧបត្ថម្ភ

BY
Naren
June 1, 2023
លោក Keisuke Honda សម្រេចបិទក្លិបបាល់ទាត់ សូលទីឡូអង្គរ  ដោយសារពិបាកក្នុងការរកដៃគូសហការឧបត្ថម្ភ

(ភ្នំពេញ)៖ ជារឿងគួរឱ្យសោកស្តាយ ក្រុម​បាល់ទាត់​នៅ​លីគ​លំដាប់​ទី​ពីរ​កម្ពុជា សូលទីឡូអង្គរ (Soltilo Angkor FC) ដែលជាការ​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​លោក Keisuke Honda ក្នុងឆ្នាំ២០១៧ ត្រូវបានរំសាយចោល។

លោក Keisuke Honda ប្រធានក្លិបបាល់ទាត់ Soltilo Angkor FC នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថាលោកសម្រេចចិត្តបញ្ចប់ដំណើររបស់ក្លិបបាល់ទាត់នេះ ក្រោយមិនអាចរកដៃគូសហការឧបត្ថម្ភក្លិប។

លោកបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លិប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។

ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។ ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕

Share This Post: