ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានីខេត្ត ចុះដោះស្រាយជូនដល់កម្មករជាបន្ទាន់ ពេលមានវិវាទជាមួយថៅកែរោងចក្រ កុំរង់ចាំតែក្រសួងការងារ និងកុំបណ្តោយឱ្យឡើងដល់តុលាការ

BY
Khmerpress
June 3, 2023
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអភិបាលរាជធានីខេត្ត ចុះដោះស្រាយជូនដល់កម្មករជាបន្ទាន់ ពេលមានវិវាទជាមួយថៅកែរោងចក្រ កុំរង់ចាំតែក្រសួងការងារ និងកុំបណ្តោយឱ្យឡើងដល់តុលាការ

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានណែនាំដល់បណ្តាលអភិបាលរាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ សូមកុំបណ្តោយឲ្យពួកគាត់ឈានដល់ការឡើងដល់តុលាការ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅស្រុកពញាឮ ខេត្តកណ្តាល ជិត ២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ជាមួយអស់លោកខេត្តទាំងអស់ [អភិបាលខេត្ត] កិច្ចការដែលត្រូវបានប្រគល់ជាបន្តបន្ទាប់ ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករ ជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុត កុំរង់ចាំតែក្រសួងការងារ គឺអស់លោកចៅហ្វាយខេត្តត្រូវតែនាំមុខ ប្រគល់ឲ្យអនុខេត្តណាមួយធ្វើ តាមដានរឿងឱ្យជាប់ជាមួយនឹងមន្ទីរការងារ រួចហើយពេលដែលមានការឃើញថាសំណុំរឿងត្រូវធ្វើការបន្ទាន់ ត្រូវអញ្ជើញថៅកែរោងចក្រ មកនិយាយដោយស្ងាត់ស្ងៀម និងអញ្ជើញកម្មករមកជួបជុំគ្នា ដើម្បីដោះស្រាយ មានតែវិធីនេះទេ កុំឡើងតុលាការ រឿងរ៉ាវវែងឆ្ងាយណាស់»។

សម្តេចតេជោនាយករដ្ឋមន្ត្រីចាត់ទុកថា ការដែលមានសុខុដុមការងាររវាងកម្មករ កម្មការិនី និងថៅកែរោងចក្រ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក កម្មករមានការងារធ្វើប្រាក់ខែសមរម្យ ឯរោងចក្រដំណើរការបានរលូនល្អ ទទួលបានប្រាក់ចំណេញ។

សម្តេចជំរុញឲ្យថៅកែរោងចក្រ ចាត់ទុកកម្មករ កម្មការិនីជាគូជីវិត ហើយកម្មករកម្មការិនី ក៏ត្រូវចាត់ទុកថៅកែរោងចក្រ គឺជាគូជីវិតដូចគ្នា ព្រោះថាបើអត់រោងចក្រ កម្មករគ្មានការងារធ្វើ សម្រាប់ថៅកែរោងចក្រ បើសិនតែរោងចក្រ តែអត់កម្មករ មិនមែនជាថៅកែរោងចក្រទេ គឺជាម្ចាស់ឃ្លាំងប៉ុណ្ណោះ។

សម្តេចតេជោណែនាំឲ្យកម្មករ កម្មការិនី យកច្បាប់ការងារជាម៉ែត្រវាស់ ហើយត្រូវប្រកាន់យកនូវការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយមានការចូលរួមពីសំណាក់សហជីព អាជ្ញាធរ ម្ចាស់រោងចក្រ និងកម្មករ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: