ព័ត៌មានជាតិ

ក្រសួងការងារ ណែនាំពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ៣ថ្ងៃ ពីថ្ងៃទី២២-២៤ ខែកក្កដា ដើម្បីងាយស្រួលចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧

BY
Naren
June 5, 2023
ក្រសួងការងារ ណែនាំពីការអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ៣ថ្ងៃ ពីថ្ងៃទី២២-២៤ ខែកក្កដា ដើម្បីងាយស្រួលចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំថ្មីមួយ ស្តីពីការអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីងាយស្រួលចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមិថុនា​។

ក្រសួងការងារបញ្ជាក់ថា យោងសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបាន ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន ៣ថ្ងៃ គឺនៅថ្ងៃ ទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តដូចខាងក្រោម៖
១៖ រាល់ការឈប់សម្រាកដូចមានកំណត់ខាងលើ បងប្អូនកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗ នៅពេលត្រឡប់មកវិញឡើយ។

២៖ និយោជកត្រូវខិតខំបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិត ឱ្យបានមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ (បុរេប្រទាន) ជាមុនសិន។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: