ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កេរ្តិ៍ឈ្មោះកម្ពុជា ក្នុងការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាយមិនអស់ទេ ហើយបន្សល់ទុកឲ្យកូនខ្មែរ រាប់រយឆ្នាំទៅមុខទៀត

BY
Naren
June 5, 2023
សម្តេចតេជោ ហ៊ុន សែន៖ កេរ្តិ៍ឈ្មោះកម្ពុជា ក្នុងការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាយមិនអស់ទេ ហើយបន្សល់ទុកឲ្យកូនខ្មែរ រាប់រយឆ្នាំទៅមុខទៀត

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានលើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ (32nd SEA Games 2023) និងការប្រកួតកីឡាជនមានពិការភាព អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាយមិនអស់ទេ ហើយបន្សល់ទុកឲ្យកូនខ្មែរ រាប់រយឆ្នាំទៅមុខទៀត។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា លុយអាចចាយអស់ ប៉ុន្ដែកេរ្ដិ៍ឈ្មោះ ចាយមិនអស់នោះទេ កេរ្ដិ៍ឈ្មោះ ដែលកម្ពុជាធ្វើស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទុកបន្សល់ឲ្យកូនចៅយើង រាប់រយឆ្នាំតទៅទៀត»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាជាប្រទេសក្រ ប៉ុន្ដែបេះដូងធំ ហើយសម្ដេចតេជោ បានប្រាប់ថា ធ្វើជាមនុស្សកុំចាំបាច់ ធ្វើជាមនុស្សមុខលុយខ្លាំងពេក លុយចាយអស់ ក៏ប៉ុន្ដែកិត្ដិយសចាយអត់អស់ទេ ហើយកត់ត្រាចំណាំ។

ទន្ទឹមគ្នានេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបើកអាស៊ានប៉ារ៉ាហ្គេម មិនចាញ់ការបើកស៊ីហ្គេមនោះឡើយ។ ស៊ីហ្គេម មនុស្សហោះតែម្នាក់ អាស៊ានប៉ារ៉ាហ្គេម មនុស្សហោះរហូតដល់ទៅ ១០នាក់។ សម្តេចតេជោ បន្ដថា ការរៀបចំប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរួមចំណែកពង្រឹងសាមគ្គីភាព និងមិត្តភាពប្រជាជាតិអាស៊ីអាគ្នេយ៍ជាង ៦០០លាននាក់។

សម្ដេចតេជោ បានថ្លែងបែបនេះថា «យើងមិនមែនធ្វើម្ចាស់ផ្ទះ ត្រឹមតែសម្រាប់ប្រជាជនខ្លួនឯង ត្រឹម១៧លាននាក់នោះទេ យើងមានភារកិច្ច ធ្វើការសម្របសម្រួល និងទំនាក់ទំនង ជាមួយនឹងប្រជាជនជាង៦០០លាននាក់ របស់អាស៊ាន»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកខ្លះគេថាកម្ពុជា ចាយលុយខ្ចះខ្ចាយ មិនគិតយកលុយ ដែលធ្វើស៊ីហ្គេមនោះមកធ្វើអ្វីផ្សេង បែរជាមកធ្វើស៊ីហ្គេម ប៉ុន្ដែសម្ដេចបញ្ជាក់ថា ស៊ីហ្គេម គឺជាកាត្វកិច្ចរបស់សមាជិកអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ព្រឹត្ដិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣នេះ គឺជាលើកដំបូង នៅក្នុងប្រវត្ដិសាស្ដ្រ ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជា មិនយកថ្លៃទាំងអស់ រាប់ទាំងថ្លៃស្នាក់នៅ ហូបចុក និងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា បានដំណើរការ ចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយទទួលបានការអបអរសាទរយ៉ាងត្រចះត្រចង់ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលធ្វើឲ្យគ្រប់គ្នាកាន់តែយល់ច្បាស់ ពីគុណតម្លៃនៃសន្តិភាព សមដូចពាក្យស្លោកដែលបានរំលេចថា «កីឡារស់ក្នុងសន្តិភាព»។

ដោយឡែក ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺកំពុងដំណើរការ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: