ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឲ្យអាស៊ានបង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយយកកីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន

BY
Naren
June 5, 2023
សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឲ្យអាស៊ានបង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយយកកីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញបំណងចង់ឲ្យអាស៊ានបង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយអាចយកកីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតជាក្រុមរបស់អាស៊ានមួយដើម្បីចូលរួមប្រកួតជាមួយគេ។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំនិយាយលេងជាមួយប្រមុខ ប្រមុខរដ្ឋាភិបាលអាស៊ានថា យើងគួរតែមានក្រុមបាល់ទាត់អាស៊ានមួយក្រុម ឥលូវទាហរណ៍ថា អាស៊ានមាន ១១ប្រទេសហើយ កម្ពុជាដាក់២នាក់ ប្រទេសផ្សេងៗ ដាក់២នាក់ សុទ្ធតែជើងខ្លាំងចូលទៅ ដើម្បីបង្កើតជាក្រុមរបស់អាស៊ានមួយ ដើម្បីចូលរួមប្រកួតជាមួយគេដែរពេលនឹង យើងមិនអាចមានប្រទេសណាមួយប្រកួតឈ្នះគេនោះទេ ព្រោះម្ចាស់ផ្ទះត្រូវបានទទួលសិទ្ធជាស្វ័យប្រវត្តិក្នុងការចូលប្រកួត បើចឹងទេយើងបង្កើតក្រុមអាស៊ានមួយទៅដើម្បីប្រកួត»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សម្តេចស្រម៉ៃឃើញថា អាស៊ាននឹងរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះអូឡាំពិក ហើយក៏អាចរួមគ្នាចេញថ្លៃធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក អាស៊ានអាចរួមគ្នាទៅបាន យើងមកប្រកួតចែកពូលគ្នាបាន ហើយដល់ពេលពាក់កណ្តាលផ្តាច់ព្រ័ត្រទៅប្រទេសណា ព្រោះប្រទេសបើនិយាយពីទឹកដីអាស៊ានវាតូចជាងទឹកដីកាន់ណាដា ទឹកដីចិនផង ចឹងទេអាចទំនាក់ទំនងគ្នាទៅរួច។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា សម្តេចកំពុងតែមានក្តីសង្ឃឹម ដោយសារយើងជាសមាជិកដែលត្រូវគិតគួរពីអាស៊ាននាពេលអនាគត ដែលមុននេះនៅពេលដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០១៦ ពេលនោះប្រទេសម៉ាឡេស៊ីចង់ថា អត្តសញ្ញាណរួមមួយរបស់អាស៊ានគឺម៉ោងដូចគ្នា នាឱកាសនោះសម្តេចក៏បានបញ្ជាក់ដែរថា បើសិនជាអាស៊ានអនុវត្តន៍ម៉ោងដូចគ្នានោះ ច្បាស់ណាស់នៅកម្ពុជា និងមានការធ្វើបាតុកម្មច្រើន ព្រោះប្រទេសកម្ពុជាគឺមានម៉ោងមិនដូចគេនោះទេ៕

Share This Post: