ព័ត៌មានជាតិ

ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង​ ត្អូញពីបញ្ហាកង្កែបចុះថោក, ប្រធានមន្ទីរកសិកម្ម ជំរុញឱ្យកសិករទាក់ទងជំនាញ ដើម្បីរកដំណោះស្រាយ

BY
Naren
June 5, 2023
ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង​ ត្អូញពីបញ្ហាកង្កែបចុះថោក, ប្រធានមន្ទីរកសិកម្ម ជំរុញឱ្យកសិករទាក់ទងជំនាញ ដើម្បីរកដំណោះស្រាយ

(ភ្នំពេញ)៖ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបដ៏ធំមួយស្ថិតក្នុងខេត្តព្រៃវែង បានត្អូញថ្អែរពីតម្លៃកង្កែបធ្លាក់ថ្លៃជាខ្លាំងក្នុងឆ្នាំនេះ ដោយតម្លៃត្រឹមតែ ៥៤០០រៀលក្នុងមួយគីឡូ ខណៈពីមុនមានតម្លៃ ១៥០០០រៀលក្នុងមួយគីឡូក្រាម។

បើតាមម្ចាស់កសិដ្ឋានបានបញ្ជាក់ថា ការធ្លាក់ថ្លៃនេះដោយសារការហូរចូលនៃកង្កែបរបស់វៀតណាមមកកម្ពុជា និងបានបន្ដចែកចាយកង្កែបនាំចូលនេះទៅកាន់ ២៥ខេត្តក្រុង។

លោក វុទ្ធី ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបមាគ៌ាជល់សាល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងថា លោកចាប់ផ្តើមចិញ្ចឹមកង្កែប ចាប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេល៧ឆ្នាំមកហើយ។ សម្រាប់ឆ្នាំនេះផែនការនៃការផលិតកង្កែបសាច់មានចន្លោះ ៥-១០តោនក្នុងមួយខែ និងការផលិតកូនកង្កែបចន្លោះ ៧០ម៉ឺនកូនកង្កែប។

លោកបានបញ្ជាក់ថា «ការចិញ្ចឹមកង្កែបនេះ ពឹងផ្អែកលើទីផ្សារធំ គឺទីក្រុងភ្នំពេញ ចំណែកទីផ្សារតាមបណ្ដាខេត្តនានា មានចំនួនតិចតួចប៉ុណ្ណោះ ប្រមាណជា ២ឆ្នាំចុងក្រោយនេះកង្កែបពុំធ្លាក់ថ្លៃឡើយ ចំពោះដើមឆ្នាំ២០២៣នេះ កង្កែបក៏រក្សាបានតម្លៃល្អនៅឡើយ គឺមានតម្លៃចន្លោះ១ម៉ឺន-១១០០០រៀលក្នុងមួយគីឡូ ប៉ុន្ដែចាប់ពីខែមេសាមកកង្កែប បានធ្លាក់ថ្លៃខ្លាំងចន្លោះពី ៨ពាន់រៀល ក្នុងមួយគីឡូក្រាម រហូតដល់ជាង ៥ពាន់រៀលក្នុងមួយគីឡូក្រាម»។

លោកបានបន្ថែមថា «ការធ្លាក់ថ្លៃនេះ ដោយសារតែ ការនាំចូលកង្កែបពីវៀតណាមមានច្រើន ហើយឈ្មួញបានបន្ដចែកចាយដល់ខេត្ត-ក្រុង ជាមួយតម្លៃថោក ដែលធ្វើឲ្យអតិថិជនទាំងនៅទីរួមខេត្ត និងរាជធានីភ្នំពេញ ចាប់ផ្ដើមទម្លាក់ថ្លៃ និងឈប់ទិញកង្កែបពីយើងតែម្ដង កត្តាទាំងនេះដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងចំពោះអ្នកចិញ្ចឹម»។

តម្លៃកង្កែធ្លាក់រហូតមកដល់ជាង ៥ពាន់រៀលក្នុងមួយគីឡូក្រាមនេះ និយាយចំពោះកសិដ្ឋានផលិតកូនដោយខ្លួនឯងអាចទប់ទល់រួច និងខាតបន្ដិចបន្ដួច ប៉ុន្ដែចំពោះអ្នកទិញកូនកង្កែបទៅចិញ្ចឹមបន្ដ គឺមិនអាចទប់ទល់រួចនោះឡើយបញ្ហាទាំងនេះ គឺប៉ះពាល់ទាំងកសិដ្ឋានចិញ្ចឹម និងអ្នកទទួលទិញចិញ្ចឹម។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ Fresh News ថា ចំពោះការធ្លាក់ថ្លៃកង្កែបចិញ្ចឹមរបស់កសិករ ក្នុងខេត្តព្រៃវែង កត្តាធំនោះ គឺដោយសារវិបត្តិសេដ្ឋកិច្ចសាកល វិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ចំណូលរបស់ប្រជាពលរដ្ឋ។ លោកថា តាមភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន ក្នុងខេត្តព្រៃវែង គឺពុំសូវមានភ្ញៀវចូលហូបចុក ដូច្នេះក៏ជាកត្តាមួយ ធ្វើឲ្យតម្លៃកង្កែបធ្លាក់ថ្លៃផងដែរ។

លោកបន្ថែមថា ក្នុនាមលោកជាប្រធានមន្ទីរជំនាញ រាល់កសិករមានបញ្ហាការចិញ្ចឹមសត្វ ក៏ដូចជាធ្លាក់ថ្លៃ ត្រូវទាក់ទងមកមន្ទីរកសិកម្ម ដើម្បីរកដំណោះស្រាយ។ ដោយឡែកចំពោះការនាំចូលកង្កែប ពីប្រទេសវៀតណាម លោកពុំទទួលបានមូលដ្ឋានថាមានកង្កែបនាំចូលនោះទេ តែឈ្មួញមួយចំនួនតូច តែងតែឆ្លៀតឱកាសនាំចូលខ្លះដែរ។

លោកបន្តថា បច្ចុប្បន្នការចិញ្ចឹមកង្កែបរបស់កសិករ នៅក្នុងខេត្តព្រៃវែង មានការថយចុះបន្តិច ចំពោះកសិដ្ឋានដែលមានរៀបចំរួចស្រេចហើយ ដូចជាមានកន្លែងភ្ញាស់កូនកង្កែប គឺនៅតែបន្តចិញ្ចឹមដដែល។ ការចិញ្ចឹមកង្កែបនេះ មានស្ទើរតែគ្រប់ស្រុកក្រុងនៃខេត្តព្រៃវែង។ ដើម្បីឲ្យកង្កែបមានតម្លៃ និងទីផ្សារឡើងវិញ ទាល់តែភោជនីយដ្ឋានអាហារដ្ឋាន នៅតាមបណ្ដាខេត្តនីមួយៗនោះ បើកដំណើរការ និងមានភ្ញៀវចូលច្រើនតម្លៃកង្កែប និងវិលទៅរកប្រក្រីភាពឡើងវិញ ជាក់ជាមិនខាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: